ក្រុងប៉ោយប៉ែត ៖ បុរសជាជនជាតិខ្មែរម្នាក់ បានលួចឆ្លងដែនត្រូវទាហានឈុតខ្មៅថៃប្រចាំតំបន់ផ្សាររោងក្លឿ ស្រុកអារញ្ញ័ បាញ់ កាលពីម៉ោង ៥និង២៥នាទី ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ។
តាមសេចក្ដីរាយការពីកម្លាំងនគរបាលការពារព្រំដែនគោកនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បានប្រាប់ថា បុរសខ្មែរម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណខាងលើ បានលួចឆ្លងដែនពីចំណុចខាងជើងកាស៊ីណូផ្កាយប្រាំ(ប៉ោយប៉ែត)ចូលទៅក្នុងទឹកដីថៃ។គ្រានោះ ទាហានឈុតខ្មៅថៃបានប្រទះឃើញ ក៏ហៅបុរសនោះឲ្យឈប់ តែមិនព្រមឈប់និងរតគេចខ្លួន ខណៈនោះទាហានថៃ បានបាញ់ឡើងលើបំណងឲ្យបុរសនោះឈប់ តែគេមិនព្រមឈប់នៅតែបន្តរត់កាត់ព្រៃរហូតទៅជាប់លួសបន្លាដែលសមត្ថកិច្ចថៃដាក់ការពារទើបសមត្ថកិច្ចថៃចាប់បាន។
ប្រភពបន្ថែមថា បុរសខាងលើ មិនដឹងថាជាប់បន្លាលួសរងរបួដធ្ងន់ ឬស្រាលប៉ុនណានោះទេ ព្រោះសមត្ថកិច្ចថៃក្នុងស្រុកអារញ្ញ័ ខេត្តស្រះកែវ មិនទាន់ប្រល់ឲ្យកម្ពុជានៅឡើយ៕