ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការមួយទៀត ដើម្បីស្រោចស្រង់វិស័យឯកជនដែលជាឆ្អឹងខ្នងសំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ គឺការដាក់ចេញនូវការអនុគ្រោះថ្លៃអគ្គិសនី ដល់វិស័យសំខាន់ៗរួមមាន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ ២០២០ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល បានអោយដឹងថាដើម្បីសម្រួលទាំងការលំបាកក្នុងការបង់ថ្លៃ អគ្គិសនីរបស់ទីតាំងដែលបានព្យួរឬបន្ថយសកម្មភាពផលិត ឬអាជីវកម្មនិងទាំងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មក្នុងរយៈពេលអនុវត្តន៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តផែនការអនុគ្រោះនិងលើកទកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មពីខែមិថុនា ដល់ខែតុលា ។
សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថា ផែនការអនុគ្រោះ និងលើកទឹកចិត្តចំបោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មពីខែ មិថុនា ដល់ខែតុលា ២០២០ មានខ្លឹមសារបីសំខាន់ ៖
ទី១ ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមាន និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតអោយបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោងដែលបានប្រើប្រាស់ជាក់ស្ដែង តាមអត្រាថ្លៃមធ្យម ចំបោះទីតាំងឧស្សាហកម្មកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពីអគ្គិសនីកម្ពុជាក៏ដោយ ។ ទី២ រក្សាស្ថានភាពផ្គត់ផ្គង់ ឬការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីឧស្សាហកម្ម កសិកម្ម ពាណិជ្ជកកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន ។ ទី៣ ផ្ដល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន២៥ភាគរយ លើការបង់ថ្លៃអគ្គសិនីដែលបានប្រើប្រាស់លើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល៣ខែ ដើមឆ្នាំ ចំពោះទីតាំងឧស្សាហកម្ម ។
លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានអោយដឹងថា អតិថិជនដែលជាម្ចាស់សហគ្រាសអាជីវកម្មទាំងអស់ ដែលធ្លាប់ទិញអានុភាពភ្លើងពីអគ្គិសនីកម្ពុជា និងធ្លាប់បង់បន្ថែមលើអានុភាពនេះ នឹងត្រូវកាត់ចោលហើយអតិថិជនតម្រូវអោយបង់ថ្លៃអគ្គិសនីប្រើប្រាស់ប្រចាំខែរបស់ខ្លួនតែប៉ុណ្ណោះ ដូច្នេះអតិថិជនមិនចាំបាច់បង់បន្ថែមអានុភាពដែលធ្លាប់ទិញនោះទេ ។
លោកបន្តថា នៅខែក្រោយនេះ ក្រុមការងារនឹងត្រូវរៀបចំនិងស្រាជ្រាវរកសហគ្រាសណាដែលប៉ះពាល់ដោយសារតែកូវីដ១៩ និងនឹងចាប់ផ្ដើមផ្ដល់ការអនុគ្រោះអោយពួកគាត់ ដោយមិនចាំបាច់អោយម្ចាស់សហគ្រាសធ្វើសំណើរមកកាន់អគ្គិសនីកម្ពុជា ឬ មកកាន់ក្រសួងឡើយ ព្រោះអគ្គិសនីកម្ពុជា គាត់បានដឹងច្បាស់ហើយថាទីតាំងណាទទួលបានការអនុគ្រោះ ។ ការអនុគ្រោះនេះ គឺទទួលបានគ្រប់សហគ្រាសទាំងអស់ដែលរងផលប៉ះពាល់ ហើយនៅជំហានបន្ទាប់រដ្ឋាភិបាលនឹងជួយដល់អាជីវកម្មផ្សេងទៀតរួមមានសណ្ឋាគារផ្ទះសំណាក់ផងដែរ ។
លោក លាង ឡេង ម្ចាស់សិប្បិកម្មផលិតទឹកត្រី ទឹកស៊ីអ៊ីវ លាង ឡេង បានអោយដឹងផងដែរថា វាជាការល្អប្រសើរណាស់ ដែលរដ្ឋាភិបាលបានគិតគូរពីថ្លៃភ្លើងដល់សហគ្រាសដែលប៉ះពាល់ដោយសារកូវីដ ១៩ ព្រោះថាការចំណាយទៅលើថ្លៃអគ្គិសនី របស់សហគ្រាសនីមួយៗគឺមានទំហំធំណាស់ បើធៀបនឹងការចំណាយនានា ។
លោកបន្តថា មកដល់ពេលនេះ ផលប៉ះពាល់ដោយសារកូវីដ១៩ គឺមានសឹងតែទាំងអស់ទៅហើយ មិនថាសហគ្រាសផលិតចំណីអាហារឬរបស់ប្រើប្រាស់នោះទេ ព្រោះថានៅតាមភោជនីយដ្ឋានសណ្ឋាគារមួយចំនួនបានផ្អាកសកម្មភាព ដូច្នេះរបស់ដែលត្រូវផ្គត់ផ្គង់ទៅទីតាំងទាំងនោះក៏ត្រូវកាត់បន្ថយដែរ ខណៈពលរដ្ឋក៏បានទិញរួចហើយដែរសម្រាប់របស់ទាំងនោះ ៕