កម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះគ្រោះថ្នាក់ធ្លាក់យន្តហោះសម្លាប់មនុស្ស ជិត១០០នាក់ នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន និង ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ចំពោះហេតុការណ៍ធ្លាក់យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ អន្តរជាតិប៉ាគីស្ថាន នៅទីក្រុងការ៉ាជី ដែលបង្កឲ្យមានមនុស្សស្លាប់ជិត ១០០នាក់។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះ បានគូសបញ្ជាក់ ថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាលប៉ាគីស្ថាន និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមជូនពរឱ្យជនរងគ្រោះដែលនៅរស់រានមានជីវិបានឆាប់ជាសះស្បើយឡើងវិញ»។

សូមបញ្ជាក់ថា យន្តហោះមួយគ្រឿង នៃអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បានធ្លាក់ នៅក្នុងទីក្រុងការ៉ាជី កាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ បណ្តាលឱ្យអ្នក ដំណើរលើយន្តហោះ ៩៧នាក់បានស្លាប់បាត់បង់ជីវិត ហើយអ្នកដំណើរពីរនាក់ ត្រូវបាន រកឃើញនៅមានជីវិត។

សម្រាប់មូលហេតុនៃការធ្លាក់ មិនទាន់មានការបញ្ជាក់នោះទេ។ យន្តហោះនេះ ជារបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA បានហោះហើរពីទីក្រុងឡាហ័រ (Lahore) នៃខេត្ត ផាន់ចាប់ (Punjab) សំដៅទៅទីក្រុងការ៉ាជី រួចក៏បានដាច់ការទាក់ទងនៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ។ យន្តហោះនេះត្រូវបានរាយការណ៍ថា វាបានធ្លាក់លើតំបន់ មួយមានផ្ទះប្រជាជនច្រើន ស្ថិតនៅទីក្រុងការ៉ាជី៕