ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២០ សត្វគោញីឈ្មោល ចំនួន ៦ក្បាល ត្រូវរន្ទះបាញ់ងាប់គរជើងលើគ្នា ខណៈមេឃកំពុងភ្លៀង លាយឡំខ្យល់កន្ត្រាក់ និងរន្ទះ ត្រង់ចំណុចកោះយ៉ា ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍ សាត់។
នគរបាលស្រុកក្រគរ បានឱ្យដឹងថា នៅពេលដែលផ្ទៃមេឃមានពណ៌ខ្មៅ និងមានភ្លៀងរលឹម ស្រិចៗ លាយឡំទៅដោយខ្យល់ ផ្គរ រន្ទះ ខណៈនោះស្រាប់តែមានផ្លេកបន្ទោរ និងរន្ទះបាញ់ សត្វពាហនៈ(គោ)ញីឈ្មោល បណ្ដាលឱ្យងាប់គរជើងលើគ្នា ចំនួន៦ក្បាល។នគរបាលស្រុក ដដែលបានបន្តថា ម្ចាស់សត្វពាហនៈ(គោ)ញីឈ្មោល ដែលត្រូវរន្ទះបាញ់ងាប់នោះ មាន ឈ្មោះ គង់ ហុង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដង្កៀបក្ដាម ឃុំ ឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឈ្មោះ គង់ ហុង ជាម្ចាស់គោ បានបន្ថែមថា គាត់ពិតជាសោកស្ដាយណាស់ ដែលសត្វគោ របស់គាត់ត្រូវរន្ទះបាញ់ងាប់បែបនេះ។ ម្ចាស់គោបន្តថា បញ្ហាកូវីដកំពុង តែកើតមាន មិនដឹង ជាកម្មអកុសលអី បានជាគ្រោះធម្មជាតិ បង្កផលលំបាកដល់រូបគាត់ទៀត តើជីវភាពគ្រួសារ គាត់ទៅជាយ៉ាងណា?៕