អ៊ីរ៉ង់ ត្រៀម​បញ្ចេញ​យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុកថ្មី ខណៈ​កំពុង​ប្រឈមមុខ​ជាមួយ​អាមេរិក

តេហេរ៉ង់ ៖ អ៊ីរ៉ង់គ្រោងនឹង​បញ្ចេញ​យន្តហោះ​ចម្បាំង​ថ្មីសន្លាង​ដែល​ផលិត​ក្នុងស្រុក ខណៈ​ប្រទេស​នេះ​កំពុង​មាន​ភាពតានតឹង​ខ្លាំង​ជាមួយ​អាមេរិក។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Sputnik។

លោក Mohammad Zalbeigi មេបញ្ជាការ​កងទ័ព​អាកាសអ៊ីរ៉ង់ បានបញ្ជាក់ប្រាប់​សារព័ត៌មាន Mehr កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០​ថា អ៊ីរ៉ង់កំពុងផលិត​យន្តហោះ​ថ្មីមួយទៀត ​បន្ថែម​ពីលើយន្តហោះចម្បាំង​ដែលបញ្ចេញ​កាលពីខែសីហា ឆ្នាំ​២០១៨។ លោក​ថ្លែងដូច្នេះថា ៖ «យើង​នឹងឃើញ​ការរចនា​និង​ការផលិត​យន្តហោះ​នៅ​កងទ័ព​ជើងអាកាស​ នាពេលអនាគត ដោយសន្យាថា យន្តហោះថ្មីនេះ​នឹងត្រូវបញ្ចេញ​នាពេលឆាប់ៗ»។

លោកបាន​ឱ្យដឹងថា យន្តហោះ​ដែលបញ្ចេញ​ក្នុងឆ្នាំ​២០១៨ ឈ្មោះ Kowsar គឺ​បាន​ដាក់ឱ្យប្រើប្រាស់​ក្នុងជួរកងទ័ពអាកាស​ទៅហើយ ពោលគឺវា​ជាគំរូ​នៃវឌ្ឍនភាពរបស់​កងទ័ព​អ៊ីរ៉ង់។ «ក្នុង​អំឡុង​ព្យុហយាត្រាឆ្នាំមុន គ្រប់គ្នាបានឃើញពីការហោះហើររបស់ Kowsar រួចហើយ ដែល​មាន​ប្រព័ន្ធទំនើបបំផុត​ក្នុងពិភពលោក»៕