រដ្ឋសភានឹងពិភាក្សាលើរបៀបវារៈចំនួន៤ ក្នុងកិច្ចប្រជុំនៅថ្ងៃស្អែក  

 

ភ្នំពេញ ៖ យោងតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីអង្គសភាពិនិត្យ ពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ចំនួន៤ គឺ ៖

១.សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ, ២.សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្ប ទានភេរវកម្ម, ៣.សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, ៤. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕