ក្នុងមួយខែ ការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍នៅភ្នំពេញបានជាង ២ពាន់លានរៀល

ភ្នំពេញ ៖ រយៈពេលមួយខែឧសភាកន្លងទៅនេះ នគរបាលចរាចរណ៍ បានអនុវត្តការផាកពិន័យ យានយន្តល្មើសសរុបថវិកាបានជាង ២ពាន់លានរៀល។ នេះបើតាមការបញ្ជាក់របស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

លោក ស ថេត បានបញ្ជាក់ថា គោលដៅនៃការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកតាមអនុក្រិត៣៩ មិនមែនបំណង ទៅធ្វើបាបប្រជាពលរដ្ឋ ឬជញ្ជក់ឈាមប្រជាពលរដ្ឋដូចការចោទប្រកាន់នោះឡើយ ប៉ុន្តែគឺ ដើម្បីជួយការពារប្រជាពលរដ្ឋកុំឲ្យរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងសន្និសីទកាសែតនៅព្រឹកម៉ិញនេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក តាមអនុក្រិតលេខ៣៩ នៅភ្នំពេញ បានធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថ ក្នុងការបើកបរ។ អ្នកដែលមិនគោរពច្បាប់ អ្នកមិនពាក់មួកសុវត្ថិភាព បានចាប់ ផ្តើមយកចិត្តទុកដាក់ និងគោរពច្បាប់យ៉ាងល្អ។ ស្នងការនគរបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា ការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោគនាពេលនេះ មិន មែនដើម្បីគាបសង្កត់ និងជំរិតប្រាក់ពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែដើម្បីការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋទៅវិញទេ។ តាមអនុក្រិតលេខ៣៩ បទល្មើសដែលមានចែង មានចំនួន៨១បទល្មើស ប៉ុន្តែការអនុវត្តការរិតបន្តឹងនៅពេល នេះ នគរបាលជ្រើសយកបទល្មើសតែចំនួន៩ចំណុចសម្រាប់រថយន្ត និង៧ចំណុចប៉ុណ្ណោះសម្រាប់ម៉ូតូ ព្រោះបទល្មើសទាំងនោះ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាប្រធា នគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានប្រកាសមិនរាថយ ក្នុងការបន្តអនុវត្តការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកនោះឡើយ ត្បិតអត្រា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក បានកើនឡើងដល់កំរិតប្រកាសអាសន្នហើយ។ របាយការណ៏ពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹង ថា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៥ ខែមិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន១៧,៦៦០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៣,៣១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

រយៈពេល១៥ថ្ងៃ ក្នុងខែមិថុនា នេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕