យោធាឥណ្ឌា២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចជាមួយយោធាចិននៅតាមបណ្តោយព្រំដែន

ឥណ្ឌា ៖ មន្រ្តីយោធាឥណ្ឌាបានថ្លែងអះអាងថា កម្លាំងយោធាឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីយប់ថ្ងៃចន្ទ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា។

ការប៉ះទង្គិចនេះបានធ្វើការឲ្យស្ថានការណ៍ចិន និងឥណ្ឌា មានការឡើងកម្តៅដាក់គ្នា ខណៈយោធាចិន បានស្នើឱ្យភាគីឥណ្ឌាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងបង្ករឿងប្រឆាំងនឹងចិន ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំង២។

សូមជម្រាបថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ៕