លោក Bolton ៖ Trump ធ្លាប់​ស្នើសុំ​ឲ្យ​ចិន​ជួយ​ឲ្យ​លោក​ឈ្នះឆ្នោត​មួយ​អាណត្តិ​ទៀត​

អាមេរិក ៖ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​អះអាងថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump ធ្លាប់បាន​អង្វរករ​មេដឹកនាំ​ចិន​លោក Xi Jinping ជួយ​រូបលោក​ឱ្យ​ជាប់ឆ្នោត​ជាថ្មី​ម្ដងទៀត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន CNA​។​

​នៅក្នុង​អត្ថបទ​ដកស្រង់​ដោយ​កាសែត Washington Post, The New York Times និង The Wall Street លោក John Bolton បាន​អះអាងថា ការស្នើសុំ​ជំនួយ​ខាងលើ​របស់លោក Trump បាន​កើតមានឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​រវាង​លោក Trump និង​លោក Xi នាឱកាស​មេដឹកនាំ​ទាំង​២​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន កាលពី​ខែមិថុនា ឆ្នាំ​២០១៩​។​

​នៅក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ជាមួយ​លោក Xi កាលពី​ខែមិថុនា​លោក Trump បាន​បង្វែរ​ការសន្ទនា​ទៅរក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដោយ​សំដៅ​ទៅលើ​សមត្ថភាព​សេដ្ឋកិច្ច​របស់​ចិន អាច​នឹង​ជះឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត ដោយ​អង្វរករ​ឲ្យ​លោក Xi ជួយ​ឲ្យ​លោក​ឈ្នះឆ្នោត​មួយ​អាណត្តិ​ទៀត​។

លោក Bolton បា​នស​សេ​រថា​លោក Trump បាន​សង្កត់ធ្ងន់​លើ ការដោះស្រាយ​បញ្ហា​កសិករ​អាមេរិក និង​ការបង្កើន​ការទិញ​ផលិតផល​កសិកម្ម​ដូចជា​សណ្ដែកសៀង ជាដើម នៅក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន អាច​នឹង​ជះឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត​។​ប៉ុន្តែ តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer បាន​អះអាងថា​ការស្នើសុំ​ជំនួយ​ពី​លោក Xi បែបនេះ​គឺ​មិន​ធ្លាប់​កើតឡើង​ឡើយ ខណៈ រដ្ឋបាល​លោក Trump កំពុង​ព្យាយាម​រារាំង​មិនឱ្យ​សៀវភៅ​នេះ​ត្រូវបាន​ចុះផ្សាយ​។​

​គួរ​បញ្ជាក់ថា លោក John Bolton ត្រូវបាន​លោក Trump តែងតាំង​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក កាលពី​ខែមេសា ឆ្នាំ​២០១៨ ហើយ​លោក​ត្រូវបាន លោក Trump បណ្ដេញ​ពី​តំណែង​ដោយសារ​ការខ្វែងគំនិត​លើ​បញ្ហា​ជាច្រើន នៅ​ខែកញ្ញា ឆ្នាំ​២០១៩៕