ដើរ​ដាក់អន្ទាក់​សត្វ​តាម​ព្រំដែន ជាន់​មីន​ផ្ទុះ​ដាច់ជើង​ទាំង២​

បន្ទាយមានជ័យ ៖ បុរស​វ័យ៦៤ឆ្នាំ​ម្នាក់ បាន​រង​របួស​ដាច់ជើង​ទាំងពីរ ក្រោយពី​គាត់​ដើរ​ដាក់អន្ទាក់​សត្វនៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ រួច​ក៏​ជាន់​មីន។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣រសៀល​ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ នៅ​ចំណុច​បង្គោលព្រំ​ដែនកម្ពុជា​-ថៃ លេខ៤៨ ស្ថិត​ភូមិ​ទំនប់ដាច់.ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេ​ត្ដ បន្តា​យមាន​ជ័យ ។

លោក​វរសេនីយ៍ទោ សែស វិបុល អធិការ​នគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យដឹង​ថា ជនរងគ្រោះ ឈ្មោះ ញ៉ែម សឹម អាយុ៦៤ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ.ខេត្ត​បន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើ​ដាក់អន្ទាក់​សត្វ នៅកន្លែង​កើតហេតុ​ចំណុច​បង្គោលព្រំ​ដែនកម្ពុជា​-ថៃ លេខ៤៨ ស្ថិត​ភូមិ​ទំនប់ដាច់ ឃុំ​អូរបីជាន់ បាន​ជាន់​មីន​ស្គរ​ប្រភេទ​អាកា៥៨ នៅ​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឲ្យ​ផ្ទុះ​រង​របួសធ្ងន់​ដាច់ជើង​ទាំង២ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​លេខ​ព្រំដែន​គោក​លេខ៩១១ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរបីជាន់​ទៅ​ជួយ​សែង​យក​ជនរងគ្រោះ​ពី​កន្លែង​កើតហេតុ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត៕