ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទថា ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់នៅក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន ខណៈទឹកកំពុងឡើងបានបណ្តាលឲ្យមានការជម្លៀសមនុស្សជាច្រើនក្នុងរដូវទឹកជំនន់ប្រចាំឆ្នាំ។ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងខ្លាំងនៅក្នុងស្រុក Mianning រួមមានមនុស្ស ២ នាក់បានស្លាប់នៅពេលដែលរថយន្តជាច្រើនគ្រឿងបានហូរចូលទន្លេ បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្លូវហាយវ៉េ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបាននិយាយថា មនុស្ស ១០ នាក់ផ្សេងទៀតបានបាត់ខ្លួន ហើយមនុស្សជាង ៧ ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ យោងតាមក្រសួងគ្រប់គ្រងគ្រាអាសន្នបានឲ្យដឹងថា ភាគខាងត្បូងប្រទេសចិនត្រូវបានទទួលរងនូវការវាយប្រហារដោយព្យុះភ្លៀងដែលបង្កជាការបាក់ដី និងទឹកជំនន់ចាប់តាំងពីដើមខែមិថុនាមកដោយយ៉ាងហោចណាស់មានមនុស្ស ៧៨ នាក់បានស្លាប់។ មនុស្ស ១២ លាននាក់ផ្សេងទៀតបានរងផលប៉ះពាល់ដោយការខូចខាតទ្រព្យសម្បត្តិ ការបិទផ្លូវ និងការរំខានផ្សេងៗទៀត ខណៈដែលប្រជាជន ៧២០,០០០ នាក់ត្រូវបានជួយសង្គ្រោះ ឬផ្លាស់ទីលំនៅពីទឹកជំនន់ដោយបុគ្គលិកគ្រាអាសន្ន។
ក្រសួងបានឲ្យដឹងទៀតថា រដូវទឹកជំនន់បានបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន ២៥.៧ ពាន់លានយ័ន (៣.៦ ពាន់លានដុល្លារ) ដែលជាផលប៉ះពាល់មួយបន្ថែមទៀតដល់សេដ្ឋកិច្ចក្នុងស្រុក បន្ទាប់ពីទទួលរងពីការរាតត្បាតនៃវីរុសកូរ៉ូណារួចទៅហើយ។
នៅក្នុងក្រុង Chongqing នៅក្បែរនោះកម្រិតទឹកបានឡើងជាងប្រាំម៉ែត្រពីលើខ្សែសុវត្ថិភាពទឹកជំនន់ដោយបង្កើតកំណត់ត្រាថ្មី។ ក្រសួងគ្រប់គ្រងគ្រាអាសន្នបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិនគ្រោងនឹងចំណាយប្រាក់យ៉ាងតិច ២០០ លានយ័នសម្រាប់ឧបករណ៍សង្គ្រោះទឹកជំនន់រួមទាំងតង់ និងគ្រែសម្រាប់អ្នកដែលត្រូវជម្លៀសផងដែរ៕