ឆ្កែនិងឆ្មា​​ប្រមាណ​១០​លាន​​ក្បា​លត្រូវ​បាន​សម្លាប់​រៀង​រាល់​​ឆ្នាំ​នៅ​​អាស៊ី​អាគ្នេយ៍

ភ្នំពេញ​៖ ការសិក្សា​ស្រាវជ្រាវ​របស់អង្គការ​ FOUR PAWS ( ហ្វ័រ ផ ) បានបង្ហាញថា នៅ​ប្រទេស​វៀត​ណាម កម្ពុជា និ​ងឥណ្ឌូនេស៊ី​, ឆ្កែ​និងឆ្មាប្រមាណ១០លានក្បាល​ ត្រូវ​បានសម្លាប់​យក​សាច់ ជារៀងរាល់ឆ្នាំ​បើទោះជា​ប្រជា​ជន​ក្នុងស្រុក​ហូបសាច់នេះ មានចំនួន​តិចតួច​ក៏ដោយ​​ ។​​

កា​រស្រាវជ្រាវ​បានបង្ហាញផងដែរថា ការ​សម្លាប់​សត្វ​ឆ្កែ​និងឆ្មា​ត្រូវបានធ្វើឡើង​ក្នុងរូបភាព​អាក្រក់​និងសាហាវ​ឃោរឃៅ ដូចជា លួចពីម្ចាស់​ដែលចិញ្ចឹមសត្វ​នោះ ហើយយកទៅ​ពន្លិច​ទឹក ចងក ឬចាក់ សម្លាប់​ដើម្បីយក​សាច់​វា​ទៅបរិភោគ ។

របាយការណ៍​​អង្គការ​​ដដែល​​នេះ ក៏បានបង្ហាញពី​ប្រទេស​​ក្នុងតំបន់​អាស៊ី​ដែ​លប​រិ​ភោគ​​សា​ច់​ទាំងនេះច្រើន​​ផ​ង​ដែរ​​គឺប្រទេសចិន ដោយ​ក្នុងនោះគ្រាន់តែក្នុងពិធី​បុណ្យ​សាច់​ឆ្កែ​រៀបចំជា​លក្ខណៈ​ឯកជន​នៅ​យូលីន​រយៈ ពេល ​១០​ថ្ងៃ រាប់ចាប់ពីថ្ងៃទី​២១​ខែមិថុនានេះ ឃើញថា​សត្វ​ក៏មានកា​រសម្លាប់សត្វ​ឆ្កែជាច្រើនផងដែរ ខណៈ​អង្គ​ការ​ ហ្វ័រ​​ផ​ បានចាត់ទុក​ការ​ប្រារព្ធ​ពិធីនេះ ជាការ​គំរាមកំហែ​ងដល់សត្វ​និង​សុខភាព​សាធារណៈ ។

អ្នកសង្កេតការណ៍ក្នុងតំបន់​នៃទីក្រុងយូលីន​ប្រទេសចិន បានបង្ហាញថា​ក្នុងរយៈពេល១០ថ្ងៃ​នៃ​ពិធី​បុណ្យ​សាច់​​ឆ្កែមាន​សត្វឆ្កែប្រមាណ១០០០ក្បាលនឹងបានដង្ហែ​នៅក្នុង​ប្រអប់ឈើ​ចង្អៀត និងទ្រុងដែក​ហើយទីបំផុត​ត្រូវបានសម្លាប់​ចម្អិន​និងបរិភោគ​នៅក្នុងភោជនីយដ្ឋាន​នៅ​ក្នុងតំបន់​នោះ ។

លោក​បណ្ឌិត​ ការ៉ាន់វី គុគ្រេចា​ ពេទ្យ​សត្វ​និងជា​អ្នកគ្រប់គ្រង​គម្រោង​នៃយុទ្ធនាការ​ កា​រ​បញ្ចប់​​ការ​ជួញ​ដូរ​សត្វ​ឆ្កែ និងឆ្មា​​បាននិយាយថា វា​ជាការ​ខក​ចិត្ត​ខ្លាំង​ណាស់ ដែលពិធី​បុណ្យ​នេះ ត្រូវ​បានអនុញ្ញាត​អោយ​បន្ត​ដោយអាជ្ញាធរ ។ ពួកគេ​បានជ្រើសរើស​ធ្វើជាបិទ​ភ្នែក​មើលមិនឃើញ​សកម្មភាពខុស​ច្បាប់នេះទៅវិញ ។ វា​បង្ហាញ​ថា​ការ​សម្រេចចិត្ត​របស់​ប្រ​ទេស​​ចិន ក្នុងកា​របញ្ឈប់​ការ​បែងចែក​សត្វ​ឆ្កែ ជា​បសុសត្វ​គឺជាក់ស្ដែង​គ្រាន់​តែ​និយាយ​នឹង​មាត់ទទេប៉ុណ្ណោះ ។

លោកបណ្ឌិត​បន្តថា លក្ខខណ្ឌ គ្មាន​អនាម័យ ដែល​សត្វ​ឆ្កែ​ទាំងនោះ​ត្រូវបានគេឃាំងទុក​និង​​សម្លាប់​នៅ​ក្នុង​ពិធី​បុណ្យ​អាច​បណ្ដាលនាំអោយ​មានកា​រផ្ទុះឡើងនូវ​ជំងឺ​ដូចជា​ជំងឺឆ្កួត​ជ្រូក​ និងជំងឺអាសន្ន​រោគ​ក៏ដូចជា​ការ​រីក​រាលដាល​នៃវីរុស​ឆ្លង​ពីសត្វទៅមនុស្ស ដូចជា​ជំងឺ​កូវីដ​​១៩ ដែលបានឃើញ​រួច​មកហើយនោះ ។ ប្រទេស​ចិន មានឱកាស​ធ្វើជា​ប្រទេសគំរូ​មួយ ជាពិសេស​គំរូ​ដល់​ប្រទេសនៅអាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ការ​អនុញ្ញាត​អោយ​មានកា​រប្រារព្ធ​ពិធី​នេះឡើង បានបង្ហាញ​ថា​ពួកគេ​មិនមានលទ្ធភាពច្បាស់​លាស​ក្នុងការ​ដោះស្រាយ​ហានិ​ភ័យ​​សុខ​ភាព​​ដែលកើត​ចេញពី​ការជួញដូរ​សត្វ​ឆ្កែ​និ​ងឆ្មានេះឡើយ ។​

បើតាមវីដេអូ​ចេញផ្សាយដោយអង្គការ​ ហ្វ័​រ ផ ក៏បានបង្ហាញពីហានិភ័យ​នៃការ​ជួញដូរ​និង​ធ្វើ​អាជីវ​កម្ម​លើ​សត្វ​ឆ្កែ​​និងឆ្មាផងដែរ ដោយសារតែ​សត្វ​ទាំងនេះ មិនមានប្រភព​ច្បាស់លាស់​​ហើយអាចប្រឈមនឹង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​ទៅដល់​មនុស្ស ។ ម្យ៉ាងទៀតជំនួញ​និងអាជីវកម្ម​សត្វ​នេះ គឺសាហាវ​ឃោរឃៅ​ណាស់​ដោយ​សារ​តែ​​ការពិឃាតសត្វ​នេះ គឺមានល​ក្ខណៈ​ហិង្សា​​​ជ្រុល​ខ្លាំងពេក​។ អង្គការ​ហ្វ័រ​ផ តែងតែអំពាវនាវ​អោយ​បញ្ឈប់​នូវ​ការ​ធ្វើជំនួញ​សត្វឆ្កែ​និ​ង​ឆ្មា​​ជាច្រើនលើកច្រើនសារមកហើយផងដែរ ៕