ខេត្តរតនគិរី ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងនូវការព្រមានថ្មីទៀតថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីក្រុមមនុស្សមួយចំនួនដោយលោកសង្កត់ធ្ងន់ថា ការទន្ទ្រានកាន់កាប់ដីរដ្ឋគឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងដូច្នេះកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះ នៅសាលាខេត្តរតនគិរីក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរី ដោយមានការចូលរួមពីសមាជិកនៃគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី និងអាជ្ញាធរពាក់ព័ន្ធរួមមានអភិបាលក្រុងស្រុកនិងមេឃុំ ចៅសង្កាត់ក្រោមចំណុះរដ្ឋបាលខេត្តរតនគិរីជាច្រើនរូបទៀត ។
ជាមួយគ្នានោះ លោកក៏បានក្រើនរម្លឹកផងដែរចំពោះអាជ្ញាធរមូលដ្ឋានដែលមានតួនាទីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ៕