សម្តេច ស ខេង បញ្ជាឲ្យចាប់ជនអន្តោប្រវេសន៍ដែលលួចឆ្លងព្រំដែន

​ដោយ ៖ មករា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានបញ្ជាឲ្យសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ត្រូវចាប់បញ្ចូនជនអន្តោប្រវេសន៍ណា ដែលជ្រៀតចូលខុសច្បាប់នៅតាមព្រំដែនខុសច្បាប់ ឲ្យខានតែបាន។ សម្តេចក៏បានក្រើនរំលឹកដល់កម្លាំងនគរបាលយកចិត្តទុកដាក់គ្រប់គ្រងជនបរទេស ឱ្យបានម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ថា ការគ្រប់គ្រងលើជនបរទេសនៅក្នុងប្រទេសកម្ពុជាជាកិច្ចការសំខាន់មួយដែលត្រូវតែយកចិត្តទុក ដាក់ ដោយមិនត្រូវទុកឱ្យជនបរទេសស្ថិតនៅក្រៅសំណា ញ់ច្បាប់ អាចបង្កឱ្យមានស្ថានភាពច្របូកច្របល់មិនអាចគ្រប់គ្រងបាន និងជះឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម កម្មវិធីអភិវឌ្ឍន៍ជា តិ និងសិទ្ធិមនុស្សនោះ។

សម្តេច ស ខេង បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច «ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋានស្រុក ក្រុង ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវ និងត្រូវមានវិធានការចាប់បណ្តេញចេញពីកម្ពុជាជាបន្ទាន់ចំពោះជនបរទេសទាំងឡាយណា ដែលច្រៀតចូលមកស្នាក់នៅខុសច្បាប់ ដើម្បីបង្ការទប់ស្កាត់កុំឱ្យស្ថានភាពច្រំដែលកើតមានឡើងសាជាថ្មី»។សម្តេច ស ខេង បានបញ្ជាក់ថា សព្វថ្ងៃនេះ មានជនបរទេសកំពុងរស់នៅកម្ពុជាចំនួន៨៨.១១២នាក់តែប៉ុណ្ណោះ ដែលភាគច្រើនគឺជាជនជាតិវៀតណាម។

យោងតាមលទ្ធផលការងារ ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលបានអនុវត្តន៍រយៈពេល២ឆ្នាំ៦ខែ បានរកឃើញថា ជនបរទេសបែបអន្តោប្រវេសន្តនៅកម្ពុជាមានចំនួន ១១សញ្ជាតិ ៤៩,៦០៣គ្រួសារ ស្មើនឹង ១៨ម៉ឺន២,៦៧៣នាក់ នារី៨២,៤៨៨នាក់។ អ្នកកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី មានចំនួន២០,២១៨គ្រួសារ ស្មើនឹង ៧ម៉ឺន៣,៣៩៧នាក់ នារី ៣៥,៨៨៨នាក់។ គណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសរាជធានី ខេត្ត ដកហូតឯកសារជនបរទេសបែបអន្តោប្រវេសន្តដែលកំពុងប្រើប្រាស់បានចំនួន ៣៧,៤៤១ច្បាប់ ស្មើនឹង ៩៤.៩៨ភាគរយ។ ឯកសារត្រូវបានដកហូតពី ២០,០៩៣គ្រួសារ ស្មើនឹង ៦៩,៨៧១នាក់ នារី ៣៣,៨៣៣នាក់។

ជនបរទេសដែលមិនបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តមានចំនួន ១៦,៨៦៨គ្រួសារ ស្មើនឹង ៧៩,៣០៧នាក់ នារី ៣២,៤០៤នាក់។ អាយុ ១៨ឆ្នាំឡើង ៥៣,៩០២នាក់ នារី ២០,២០១នាក់ ស្មើនឹង ៤២.៨២ភាគរយ។

ក្នុងនោះជនបរទេសដែលមិនបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍មានចំនួន ២ម៉ឺន១,០៣២គ្រួសារ ស្មើនឹង ៩៤,៥៦១នាក់ នារី ៤០,៣០៣នាក់ អាយុ ១៨ឆ្នាំឡើង ៦៣,៣៦២នាក់ នារី ២៤,៧៤៣នាក់ ស្មើនឹង ៥០.៣៣ភាគរយ៕