ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការឆ្មក់ចូលឆែកឆេររោងបាំងសំណាញ់មួយកន្លែង ដោយបានរកឃើញមានគ្រឿងក្នុង និងបំណែកសាច់ជ្រូកមានជាតិគីមីជាច្រើន។
ប្រតិបត្តិការនេះ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០នៅក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ ទោ រស់ អៀម នាយរងការិយាល័យ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង ដោយបានឆែកឆេរ រោងបាំងសំណាញ់ពណ៌ខៀវ ទ្វារមុខបាំងស័ង្កសីមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលជារបស់ឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្នុងប្រតិបត្តិការឆែកឆេរ សមត្ថកិច្ច បានធ្វើ ការដកហូតមាន បំណែកសាច់ជ្រូក រួមមាន ៖ អណ្តាត ត្រចៀក ពោះ បេះដូង និងក្រចក (ប្រអប់ជើង) សរុប២០កេស ស្មើទម្ងន់ ១តោន ដែលសុទ្ធសឹងជាទំនិញមានជាតិគីមីទាំងអស់។
បច្ចុប្បន្ន វត្ថុតាង ខាងលើនេះ ការិយាល័យជំនាញ បានដឹកយកទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕