អាជ្ញាធរខេត្តព្រះសីហនុ ចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រនៅក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន Royal Group Koh Rong Development Company របស់អ្នកឧកញ៉ា គិត ម៉េង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រ ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Sinohydro Corporation Limited ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅសណ្ឋាគារ Goddess of Liberty Hotel & Resort ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:ខេត្តព្រះសីហនុ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាតំណាងរបស់ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីសាលាខេត្តព្រះសីហនុជាច្រើនរូបទៀត។

យោងតាមកិច្ចព្រមព្រៀងគម្រោងសាងសង់ផ្លូវបេតុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាចំនួន៣៥លានដុល្លារអាមេរិក នឹងត្រូវ បញ្ចប់ការសាងសង់ក្នុងរយៈពេល១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១០។

ថ្លែងក្នុង ឱកាស ចុះហត្ថលេខា នៃកិច្ចព្រមព្រៀងនេះដែរ អ្នកឧកញ៉ាគិត ម៉េង មានប្រសាសន៍ថា ក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារ និងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀតដើម្បីអភិវឌ្ឍកោះរ៉ុងនេះឱ្យប្រែក្លាយជាកោះប្រវត្តិសាស្ត្រជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍក្រុងទាំងមូលឱ្យក្លាយទៅជាលំដាប់តំបន់ទេសចរណ៍ពាណិជ្ជកម្មធម្មជាតិលំដាប់ពិភពលោក នៅឆ្នាំ២០០៨។ តាមរយៈកិច្ចសន្យាសម្បទាននេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏មានគម្រោងសាងសង់អាកាសយាន ដ្ឋាននៅលើកោះរ៉ុងផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Sinohydro Corporation Limited ដែលបានរួមគ្នាសាងសង់នូវផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រនេះ។ លោកបន្តថា ផ្លូវនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង និងភ្ញៀវទេសចរដែលមកម្សាន្តនៅកោះរ៉ុងផងដែរ។

ចំណែក ឯកឧត្តម ជា វុទ្ធី ឯណេះវិញ លោកបានបង្ហញនូវក្ដីសង្ឃឹមថា ទន្ទឹមនឹងការសាងសង់ផ្លូវបេតុង៧០គីឡូម៉ែត្រនេះ អ្នកឧកញ៉ា គិត ម៉េង នឹងខិតខំចាប់ផ្តើមអភិវឌ្ឍន៍គម្រោងផ្សេងៗទៀត ដើម្បីប្រែក្លាយកោះរ៉ុង ទៅជាទីក្រុងមួយដ៏ស្រស់បំព្រង មានផាសុខភាពល្អ តាមបែបធម្មជាតិ នៃឆ្នេរខ្សាច់ និងព្រៃប្រឹក្សានៅទីនោះ សំដៅទាក់ទាញ ឱ្យកាន់តែច្រើនឡើងនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងលំហែកាយនៅកោះរ៉ុង។
សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះហត្ថលេខាជួលកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ។
៕ ដោយ ៖ មនោរាហ៍