អង់គ្លេស ៖ មជ្ឈមណ្ឌលសន្តិសុខអ៊ីនធើណិតជាតិអង់គ្លេស (NCSC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុម Hacker ដែលគាំទ្រដោយរដ្ឋរុស្ស៊ីកំពុងព្យាយាមលួចវ៉ាក់សាំងជំងឺកូវីដ១៩ និងការស្រាវជ្រាវព្យាបាលពីស្ថាប័នសិក្សា និងឱសថនានានៅជុំវិញពិភពលោក។ នេះបើយោងតាមប្រភពពី CNA។
សេចក្តីថ្លែងការណ៍រួមមួយពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាបានចង្អុលការវាយប្រហារនេះទៅលើក្រុម APT29 ដែលក៏ត្រូវបានគេស្គាល់ផងដែរថាជា Cozy Bear ដែលពួកគេបាននិយាយថា កំពុងប្រតិបត្តិការស្ទើរតែទាំងស្រុងជាផ្នែកមួយនៃសេវាកម្មស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។
លោក Paul Chichester ប្រធានផ្នែកប្រតិបត្តិការរបស់ NCSC បាននិយាយថា “យើងសូមថ្កោលទោសចំពោះការវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើមដែលប្រឆាំងនឹងអ្នកដែលធ្វើការងារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពតាមអ៊ីនធើណិតបាននិយាយថា ឧបករណ៍ Hack របស់ក្រុម APT29 ត្រូវបានប្រើប្រឆាំងនឹងអតិថិជនដែលមានទីតាំងនៅសហរដ្ឋអាមេរិក ជប៉ុនចិននិងអាហ្វ្រិកកាលពីឆ្នាំមុន។ NCSC បាននិយាយថា ការវាយប្រហាររបស់ក្រុមនេះកំពុងបន្តនិងប្រើប្រាស់ឧបករណ៍និងបច្ចេកទេសផ្សេងៗគ្នារាប់បញ្ចូលទាំងមេរោគកំព្យូទ័រផងដែរ។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនិងបញ្ជាការអ៊ីនធើណិតសហរដ្ឋអាមេរិកក៏បានចេញផ្សាយព័ត៌មានបច្ចេកទេសកាលពីថ្ងៃព្រហស្បតិ៍អំពីឧបករណ៍ Hack ចំនួន៣ដែលត្រូវបានដាក់ពង្រាយដោយពួក Hacker រុស្ស៊ីដែលមានឈ្មោះកូដថា WELLMAIL, SOREFANG និង WELLMESS ផងដែរ។
ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខអ៊ីនធើណិតក្នុងវិស័យឯកជនដែលបានរកឃើញមេរោគ WELLMESS កាលពីឆ្នាំមុនមិនបានដឹងអំពីប្រភពដើមរបស់រុស្ស៊ីទេរហូតដល់ថ្ងៃព្រហស្បតិ៍។ អ្នកស៊ើបអង្កេតបីនាក់ដែលដឹងអំពីបញ្ហានេះបាននិយាយថា ក្នុងករណីជាច្រើន WELLMESS ត្រូវបានរកឃើញនៅក្នុងក្រុមហ៊ុនឱសថអាមេរិក។ ឧបករណ៍នេះអនុញ្ញាតឲ្យពួក Hacker ចូលលុកលុយកុំព្យូទ័រពីចម្ងាយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានបដិសេធប្រាប់ឈ្មោះជនរងគ្រោះ៕