អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាថានឹងមិនបញ្ជាឱ្យជនជាតិអាមេរិកាំងពាក់ម៉ាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានោះទេ។ នេះបើយោងតាមប្រភពពី BBC។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីអ្នកជំនាញជំងឺឆ្លងកំពូលរបស់ប្រទេសគឺលោកវេជ្ជបណ្ឌិត Anthony Fauci បានជំរុញឲ្យថ្នាក់ដឹកនាំរដ្ឋនិងថ្នាក់មូលដ្ឋានត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីជំរុញឲ្យប្រជាជនពាក់ម៉ាស់។ លោកបណ្ឌិត Fauci បានបន្ថែមថា “ការពាក់ម៉ាស់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ហើយ យើងគួរតែប្រើវាអ្នកទាំងអស់គ្នា”។ ការពាក់ម៉ាស់បានក្លាយជារឿងនយោបាយនៅសហរដ្ឋអាមេរិក។
គួរម្លឹកថាលោកប្រធានាធិបតី Trump ដែលធ្លាប់ប្រឆាំងនឹងការពាក់ម៉ាស់គឺបានពាក់វាជាសាធារណៈជាលើកដំបូងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប៉ុន្តែថ្លែងទៅកាន់សារព័ត៌មាន Fox News នៅថ្ងៃសៅរ៍នេះ លោក Trump បាននិយាយថា លោកមិនយល់ស្របនឹងអាណត្តិម៉ាស់ជាតិទេដោយនិយាយថា ប្រជាជនគួរតែមានសេរីភាពពិតប្រាកដ។
គួរបញ្ជាក់ថា បច្ចុប្បន្ន អាមេរិកមានអ្នកឆ្លងកូវីដជាង៣.៦លាននាក់ហើយមានអ្នកស្លាប់ជាង១៣៩,០០០នាក់ដែលជាកម្រិតការស្លាប់ខ្ពស់បំផុតនៅលើពិភពលោក៕