អូស្ដ្រាលី ៖ មន្ត្រីសុខាភិបាលស្តីទីអូស្ត្រាលីបាននិយាយនៅថ្ងៃច័ន្ទទី២០ ខែកក្កដាថា ការផ្ទុះជំងឺឆ្លង COVID-19 យ៉ាងគំហុកនៅក្នុងរដ្ឋ និងទីក្រុងធំបំផុតលំដាប់លេខ២ របស់ប្រទេសអូស្ត្រាលី គឺកំពុងតែបង្កក្តីព្រួយបារម្ភជាខ្លាំង ខណៈរដ្ឋាភិបាលអូស្ត្រាលីទើបតែប្រកាសថា ខ្លួនត្រូវការពេលច្រើនសប្តាហ៍ទៅមុខទៀត ទើបអាចទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ជំងឺ COVID-19 បានផ្ទុះឡើងយ៉ាងខ្លាំងនៅរដ្ឋ Victoria ភាគអាគ្នេយ៍អូស្ត្រាលី ដោយក្នុងនោះក៏មានទីក្រុងមែលប៊ន ផងដែរ។ កាលពីថ្ងៃច័ន្ទរដ្ឋ Victoria បានបំបែកកំណត់ត្រាមានអ្នកឆ្លង COVID-19 ច្រើនបំផុតរហូតដល់ទៅ ៤៣៨នាក់ក្នុងមួយថ្ងៃ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភរឹតតែខ្លាំង ចំពោះការបន្តផ្ទុះជំងឺនេះឆ្លងនេះ កាន់តែធ្ងន់ធ្ងរឡើងៗ។ រដ្ឋាភិបាល Victoria បានបញ្ជាឱ្យប្រជាជនទាំងអស់ពាក់ម៉ាស ឬបិទមុខរបស់ពួកគេ ឲ្យជិតនៅពេលចេញពីផ្ទះ ដើម្បីបង្ការឲ្យកុំឲ្យឆ្លង ឬចម្លង COVID-19 ទៅកាន់អ្នកដទៃ។
មន្ត្រីសុខាភិបាលស្តីទីលោក Paul Kelly បាននិយាយថាវានឹងចំណាយពេល “ច្រើនសប្តាហ៍” ដើម្បីកាត់បន្ថយការរីករាលដាលនេះ នៅពេលដែលគេមើលឃើញ អត្រាឆ្លងកើនឡើងវិញជាបណ្តើរៗ។ សូមជម្រាប់ថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចំនួនករណីឆ្លងកូវីដ១៩សរុបនៅប្រទេសអូស្ដ្រាលីមានជាង ១២,០០០នាក់ ក្នុងនោះស្លាប់ ១២៣នាក់ និងជាសះស្បើយវិញជាង ៨,៤០០នាក់៕