Trump ព្រម​ធ្វើការ​ជាមួយ​ចិន​ដើម្បី​នាំយក​វ៉ាក់សាំង COVID-19 មក​អាមេរិក​

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អង្គារបានបង្ហាញ​ឆន្ទៈ​ក្នុងការ​សហការ​ជាមួយ​ប្រទេស​ចិន ឬ​ប្រទេស​ដទៃទៀត ដើម្បី​រួមគ្នា​ផលិត​វ៉ាក់សាំង​ឱ្យបាន​ជោគជ័យ បើទោះបី​ពេលនេះ មាន​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​កំពុង​កើតមានឡើង​ក៏ដោយ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​នៅពេល​សួរថា​តើ​រដ្ឋបាល របស់លោក​នឹង​សហការ​ជាមួយ​ចិន សម្រាប់ធ្វើ​វ៉ាក់សាំង ដល់​ប្រជាជន​អា​មេ​រិច​ឬ​យ៉ាងណា​?​លោក Trump បាន​ឆ្លើយតប​ថា យើង​មាន​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​ប្រទេស​ដទៃទៀត ដើម្បី​នាំមក​នូវ​លទ្ធផល​ជោគជ័យ នៃ​ដំណើរ​ការបង្កើត​វ៉ាក់សាំង​។ ហើយ​សហរដ្ឋអាមេរិក ក៏​នឹង​យល់ព្រម​ធ្វើការ​រួមគ្នា​ជាមួយ​ប្រទេស​ចិន​ដែរ មិន​ថា​ប្រទេស​ចិន​នឹង​ក្លាយជា​ប្រទេស​ទី​១ អាច​រកឃើញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ឬ យ៉ាងណា​ទោះ​ទេ​។​

​គួរ​បញ្ជាក់ថា ការអះអាង​បែបនេះ​របស់លោក Trump ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​ជឿជាក់ថា វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន CanSino Biologics និង​អង្គភាព​ស្រាវជ្រាវ​ឱសថ​នៃ​យោធា​របស់​ចិន បានបង្ហាញ​លទ្ធផល​នូវ​វិជ្ជមាន ហើយ​ក៏មាន​សុវត្ថិភាព​ក្នុងការ​ឆ្លើយតប​ទៅ​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​៕