ទេសចរ ៦២១នាក់ដែលជាប់គាំងនៅក្រុងកោះរ៉ុង ដោយសារព្យុះភ្លៀង បានមកដល់ដីគោកក្រុងព្រះហសីហនុដោយសុវត្ថិភាព

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះកំលាំងខ្យល់មានសភាពធូរស្រាលឡើងវិញ ស្របពេលពេលនឹងសម្ទុះនៃការចង់វិលត្រឡប់ចាកចេញពីដែនដីកោះរ៉ុងរបស់ភ្ញៀវទេសចរដែលបានជាប់នៅលើទឹកដីក្រុងកោះរ៉ុង មានសភាពពុះកញ្ច្រោលផងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជា អោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង របស់ក្រុមហ៊ុន (Cambodia island speed ferry) របស់អ្នកស្រី ស៊ុយ ស្រីមុំ និង ក្រុមហ៊ុន ទូកដឹកភ្ញៀវទេសចរ (G.T.V.C speed ferry) របស់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង (កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ។

នៅរសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន បានអញ្ជើញទៅទទួលភ្ញៀវទេសចរទាំងនោះនៅកំពង់ទូកដោយផ្ទាល់។
ពលរដ្ឋ និងភ្ញៀវទេចរទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះសមានចិត្ត និងការគិតគូររបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគេក្នុងនាមជាភ្ញៀវទេសចរនិងថែមទាំងបានជួយសម្របសម្រួលលៃលករថយន្តក្រុងដឹកជញ្ជូនទៅដល់រៀងខ្លួនទៀតផង។

អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលត្រូវបានដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុមានចំនួនសរុប ៦២១នាក់ ស្រី២១៥នាក់ ជនបរទេស ៥០នាក់ ស្រី ២៤នាក់ ក្មេង ៩៦នាក់ និងទារក ៦នាក់។ពួកគេទាំងនេះបានទៅលេងកំសាន្តនៅក្រុងកោះរ៉ុង តាំងពីមុនថ្ងៃដែលខេត្តព្រះសីហនុ ទទួលរងឥទ្ធិពលពីព្យុះSIMLAKUមកម្លេះ។ នៅរសៀលនេះរដ្ឋបាលខេត្ត បានប្រើប្រាស់ទូកល្បឿនលឿនចំនួន ៣គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន ២ជើង៖ជើងទី១ ចំនួន ៤០៥នាក់ ស្រី ១៤៣នាក់ (ក្មេងចំនួន ៤១នាក់ និងទារកចំនួន ៦នាក់) ជើងទី២ ចំនួន ២១៦នាក់ ស្រី ៧២នាក់ (ក្មេងចំនួន ២៣នាក់)។ភ្ញៀវទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៨ គ្រឿង។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ឥទ្ធិពលនៃព្យុះ SINLAKU បានវាយប្រហារខេត្តព្រះសីហនុ បង្ករអោយភ្លៀងខ្យល់និងរលកធំៗបក់បោកពន្លិចទូកអ្នកដំណើរ ១គ្រឿង ទូអ្នកនេសាទ ៣គ្រឿងទៀតដែលបោះយុថ្កាចោលក៏ត្រូវបានរលកវាយពន្លិច ផងដែរ៕ ដោយ ៖ នោរាហ៍