ខេត្តព្រះសីហនុៈ នៅសាលាខេត្តព្រះសីហនុ មានរៀបចំពិធ ប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ជីម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០១៩ នៅសាលប្រជុំធំនៃសាលាខេត្តព្រះសីហនុ ។
យោងតាមសេចក្តី ប្រកាសរបស់ក្រសួងសាធារណការ និដឹកជញ្ជូន បានសម្រេចផ្លាស់ប្តូរ លោក ណុប ហេង ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ទៅកាន់ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនវិញ រង់ចាំទទួលភារកិច្ចថ្មី ហើយលោក បូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណៈនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុវិញ។
នៅក្នុងការប្រកាសតែងតាំងនិងផ្ទេរភារកិច្ចរបស់លោកប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនថ្មីនេះ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ ពួកគាត់សង្ឃឹមថា ប្រធានមន្ទីររូបនេះ និង យកចិត្តទុកដាក់កែប្រែ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ផ្លូវគមនាគមន៍ ជាពិសេសគឺ ជួសជុលផ្លូវថ្នល់ ផ្លូវលំនានា និង ស្ដារ ប្រព័ន្ធ លូ អូរ ប្រឡាយ នៅក្នុង ខេត្តព្រះសីហនុ ឲ្យមាន ភាពល្អប្រសើរឡើងវិញ ដើម្បីបញ្ចៀសនូវ ការកកស្ទះលិចលង់ ដោយជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់មកម្ដងៗ ជាក់ជាមិនខានឡើយ៕ដោយHN