ដោយ ៖ HN / ភ្នំពេញ : បើតាមការអះអាងពីមន្ត្រីជំនាញក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ឲ្យដឹងថា ព្រៃឈើនៅ កម្ពុជាបច្ចុប្បន្ន នៅមានចំនួនជិត ៥០ភាគរយ ក្នុងនោះ ស្ថិតនៅក្រោមគ្រប់គ្រងរបស់ក្រសួង បរិស្ថាន មានជាង ៧លានហិកតា និងស្ថិតនៅក្រោមក្រសួងកសិកម្ម មានចំនួនជាង ២លានហិកតា។
លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងថា ព្រៃឈើដែលកំពុងស្ថិត នៅក្រោម ការគ្រប់គ្រងរបស់ក្រសួងបរិស្ថានបច្ចុប្បន្ន ដែលកំពុងធ្វើការអភិរក្ស មានចំនួនជាង ៧ លាន ៣សែន ហិកតា គឺប្រមាណជា៤០ភាគរយ។ ក្រសួងបរិស្ថាន បានបង្កើនសកម្មភាពក្នុងការ ល្បាត យ៉ាងសកម្ម នៅតាមតំបន់ ព្រៃអភិរក្ស ដើម្បីទប់ស្កាត់ការកាប់ឈើ ដោយខុសច្បាប់។ លោក បន្តថា មកដល់ឆ្នាំ២០១៩ នេះ ក្រសួង បរិស្ថាន បានបង្កើតតំបន់ព្រៃការ ពារចំនួន៥៥កន្លែង និង របៀងអភិរក្សចម្រុះចំនួនបីបន្ថែមទៀត ដែលធ្វើឲ្យ ទំហំផ្ទៃដីហិកតា បានកើនឡើងខ្ពស់ច្រើន ជាងមុន។ ក្របខណ្ឌច្បាប់ និងវិធានការគឺជារឿងចាំបាច់បំផុត សម្រាប់ការងារអភិរក្សព្រៃឈើ នៅព្រះរាជាណាចក្រកម្ពុជា។
លោក សួន សុវណ្ណ ប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើ បាន បញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើកំពុង គ្រប់គ្រងផ្ទៃដីព្រៃឈើ ចំនួនជាង២លាន ១សែន ហិកតា។ ក្នុងនោះមានព្រៃសហគមន៏ព្រៃឈើចំនួន៥១ម៉ឺនហិចតា ស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើ មានចំនួន ៤៦ម៉ឺនហិចតា តំបន់ប្រភពគ្រាប់ពូជសម្រាប់ បណ្តុះមានចំនួន២២០០ ហិកតា ឧទ្យានសួនសត្វមណ្ឌល សង្គ្រោះភ្នំតាម៉ៅ ជាង២២០០ហិកតា និងមានផ្ទៃដីសម្បទានសេដ្ឋកិច្ចជាង ១លាន២សែនហិកតា។
គួរបញ្ជាក់ដែរថា រយៈពេល៥ឆ្នាំ ចាប់ពី២០១៤ ដល់២០១៨កន្លងទៅនេះ រដ្ឋបាលព្រៃឈើ សហ ការជាមួយជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានធ្វើការបង្ក្រាប បទ ល្មើសធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃបានចំនួន៨៦០០ករណី និងធ្វើការពិន័យអន្តរកាល ចំនួន២៨៨៤ករណី និងបញ្ជូនទៅតុលាការចំនួនជាង៥៧០០ករណី។ ក្នុងនោះ រឹបអូសឈើមូល ជ្រុងខុសច្បាប់ជាង១០ពាន់ម៉ែត្រគីប ឈើអារចំនួនជាង២៤ពាន់ម៉ែត្រគីប៕