ដោយ ៖ HN / ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីបូកសរុប លទ្ធផលការងារ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បូកសរុបលទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅបន្តរបស់យុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញប្រមាណ ៣,៨០០នាក់។
ក្នុងពិធីដ៏មហោឡារឹកអធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ប្រធានកាយរឹទ្ធិជាតិកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់កាកបាទក្រហម កម្ពុជា, ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមប្រចាំកម្ពុជា, អ្នកសម្របសម្រួលកម្មវិធី របស់សហព័ន្ធប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហកម្ពុជាមកពីតាមសាខានានា ភ្ញៀវកិត្តិយស និងយុវជនកាកបាទក្រហមជាច្រើនរូបផ្សេងទៀត។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា វត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាការផ្តល់ នូវកិត្តិយស និងជាការលើកទឹកចិត្តដ៏ធំធេងដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ជាពិសេសយុវជនកាកបាទក្រហមទាំងអស់ ដែលត្រូវបំពាក់ឯកសណ្ឋានក្នុងថ្ងៃនេះ ដើម្បីបន្តខិតខំ ប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែក ក្នុងវិស័យមនុស្សធម៌ ការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងន័យជួយពន្លឿនការកាត់បន្ថយអត្រាភាពក្រីក្រ អភិវឌ្ឍន៍សហគមន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឱ្យកាន់តែមាន ភាពប្រសើរឡើង។
លោក ឃួង ស្រេង បានឲ្យដឹងថា យុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានបង្កើតឡើងនៅz ឆ្នាំ២០០៤ ដែលមានយុវជនកាកបាទក្រហមប្រមាណ ៨៦០នាក់ (នារី ៣៩៩ នាក់)។ នៅឆ្នាំ២០១៩ សាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានពង្រីកសមាជិកយុវជនថ្មីចំនួន ៣,០០០នាក់ មកពី ២៧វិទ្យាល័យ គោលដៅ ដែលជារួមបច្ចុប្បន្ន សាខាមាន យុវជនកាកបាទក្រហមកម្ពុជាមានចំនួនប្រមាណ ៤,០៤២ នាក់ (នារី ២,០៥០នាក់)។ យុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាង សកម្មក្នុង បុព្វហេតុ មនុស្សធម៌។
លោក ឃួង ស្រេង បានបន្តថា ក្នុងឆ្នាំកន្លងទៅ យុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ នៃ គ្រឹះស្ថាន សិក្សាទាំង ២៧ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍, ចូលរួមផ្តល់ការ បណ្តុះបណ្តាលជំនាញសង្គ្រោះបឋម, ជួយសង្គ្រោះសិស្សានុសិស្ស និងប្រជាពលរដ្ឋ និងចូលរួមធ្វើ យុទ្ធនាការបំផុសឱ្យមានការបរិច្ចាគឈាមជាដើម។
លោក ឃួង ស្រេង បានលើកឡើងថា សមិទ្ធផលការងារយុវជន ដែលសាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក មិនអាចកាត់ផ្តាច់ពីការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងការប្តេជ្ញាចិត្តខ្ពស់របស់គណៈកិត្តិយស គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងការចូលរួមគ្រប់សកម្មភាពមនុស្សធម៌ និងជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ លើកកម្ពស់ គាំពារ ថែរក្សា និងផ្តល់តម្លៃរបស់មនុស្សជាតិ ស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម «ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹត្យភាពឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត សកលភាព»។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា ពិធីបូក សរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ និងទិសដៅ អនុវត្តបន្ត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កាកបាទក្រហមកម្ពុជា ក្នុងការប្រមូលផ្តុំចងក្រង ស្នាដៃការងារយុវជន និងលទ្ធផលជារួមរបស់សមាគមជាតិ ក្នុងការពង្រឹងនិងពង្រីកបណ្តាញ យុវជន កាកបាទក្រហមកម្ពុជា ដ៏អង់អាចក្លាហាន បំពេញការងារមនុស្សធម៌ ប្រកបដោយគុណធម៌ ជាគំរូគេនៅក្នុង សកម្មភាព មិត្តអប់រំមិត្ត ធ្វើឱ្យមានការផ្លាស់ប្តូរ ឥរិយាបទជាវិជ្ជមានក្នុងសហគមន៍ តាមគ្រឹះស្ថានសិក្សា និងជាគំរូគេ ក្នុងសកម្មភាពមិត្តជួយមិត្ត ពង្រឹងសាមគ្គីភាព ចែករំលែកសេចក្តីស្រឡាញ់ជាមួយអ្នករងគ្រោះ និងងាយរងគ្រោះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានគូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានការបំពាក់ កន្សែងយុវជន កាកបាទក្រហមកម្ពុជានាឱកាសនេះ គឺជាសក្ខីកម្មមួយទៀត នៃការខិតខំប្រឹងប្រែងពង្រឹង-ពង្រីកកម្លាំងយុវជន និងជាឱកាសដ៏ប្រសើរបំផុតក្នុងការ ប្រកាសបំពេញសិទ្ធិជូនក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាធនធានមនុស្សប្រកបដោយគុណភាព និង សមត្ថភាពរបស់កាកបាទក្រហមកម្ពុជា និង ចលនាអន្តរជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហម នាពេលបច្ចុប្បន្ន និង ទៅអនាគត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានសម្តែងនូវមោទនភាពផងដែរ ចំពោះលទ្ធផលការងារ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាមួយនឹងក្តីសង្ឃឹមជឿជាក់ថា សាខានឹងបន្តយកចិត្តទុកដាក់ជំរុញបន្ថែមទៀតនូវការងារយុវជនកាកបាទក្រហម ឱ្យកាន់តែរឹងមាំ ខ្លាំងក្លា ដើម្បីឱ្យយុវជនក្លាយជាកម្លាំងបច្ចុប្បន្ន និង អនាគតរបស់កាកបាទក្រហមកម្ពុជា និងប្រទេសជាតិ។
នៅក្នុងបរិការណ៍កាកបាទក្រហមកម្ពុជា យុវជន គឺជា «ភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ ជាវិជ្ជមាន នៅក្នុងសហគមន៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានចែករំលែកនូវ អនុសាសន៍ចំនួន៧ផងដែរ ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមកាន់តែទូលំទូលាយ និង ធ្វើសកម្មភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ជួយ ដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលានៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស៕