ព្រះមហាក្សត្រកម្ពុជាផ្ញើព្រះរាជសារជូនលោក Xi JinPing ក្នុងឱកាសខួប៧១ឆ្នាំការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូន ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍លើកទី ៧១ឆ្នាំ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ព្រះរាជសារនៅថ្ងៃទី៣០ ខែកញ្ញានេះ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖ “ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ឯកឧត្តម បក្សកុម្មុយនីស្ត ក្រុមប្រឹក្សារដ្ឋ និងកងទ័ពរំដោះប្រជាជនចិន ព្រមទាំងប្រជាជនចិន ក្នុងការគ្រប់គ្រងវីរុសកូវីដ-១៩ និងស្តារឡើងវិញយ៉ាងឆាប់រហ័ស នូវជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចចិន ឱ្យមានភាពប្រក្រតីឡើងវិញ”។

ព្រះរាជសារក៏បានបញ្ជាក់ផងដែរថា៖ “ខ្ញុំសូមកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅក្រៅប្រទេស និងការធានារបស់ឯកឧត្ដម ថានៅពេលដែលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ត្រូវបានបង្កើតដោយប្រទេសចិន វ៉ាក់សាំងទាំងនោះនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរីករាលដាលជាសកល ហើយនឹងត្រូវបានផ្តល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដោយឈរលើមូលដ្ឋានអាទិភាព។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលកោតសរសើរប្រទេសចិន អំពីជោគជ័យក្នុងការកាត់បន្ថយនូវភាពក្រីក្រទូទាំងប្រទេស ក្នុងនោះព្រះអង្គបានសង្កត់ធ្ងន់អំពីគោលជំហរក្នុងការសហការគ្នាជានិច្ចជាមួយនឹងប្រទេសចិន និងបន្តគាំទ្រ គោលនយោបាយចិនតែមួយ ផងដែរ។

ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ ក៏បញ្ជាក់អំពីការគាំទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន ក៏ដូចជាគំនិតផ្តួចផ្តើមរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

ព្រះករុណា ព្រះមហាក្សត្រ និងក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គសព្វព្រះរាជឫទ័យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតីចិន ដែលតែងតែស្វាគមន៍ព្រះអង្គទាំងទ្វេ ទៅពិនិត្យព្រះរាជសុខភាពសុខភាព និងសំរាកលំហែនៅប្រទេសចិនគ្រប់ពេលផងដែរ៕