អាជ្ញាធរមីនស្នើឲ្យអាមេរិក បង្កើនកញ្ចប់ថវិកាក្នុងការចូលរួមបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអាជ្ញាធរមីន បានស្នើឲ្យសហរដ្ឋអាមេរិកតាមរយៈ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បន្តជួយគាំទ្របង្កើនកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈ ពេលវែងក្រោយឆ្នាំ២០២៥ និងគាំទ្រការបង្កើតបន្ថែម ក្រុម ការងារ បច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់ បែក ចង្កោម ។ ការស្នើនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច បានឲបានឲ្យដឹងថា ផ្អែក តាម លទ្ធផលនៃការស្រាវជ្រាវទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា។ ក្នុង នោះ បានបោសសម្អាតរួចមាន ប្រមាណជាង ១៨៥ គីឡូម៉ែត្រក្រឡា និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡាទៀត ។ ឯកឧត្តមបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋា ភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០ លានដុល្លារ តាម រយៈ WRA (Weapon Removal and Abatement) និង កម្មវិធី HDR& D (Humanitarian Demining, Research and Development) ។

ឯកឧត្តមបន្ត ទៀត ថា រាជរដ្ឋាភិបាល កម្ពុជា មាន ចក្ខុវិស័យ និង គោល ដៅ ច្បាស់ លាស់ ក្នុង ការ បញ្ចប់ ការ គម្រាម កំហែង ដោយ សារ មីន ដែល យេីង បាន ដឹង អោយអស់នៅត្រឹមឆ្នាំ ២០២៥ ដូច មាន ចែង ក្នុង ផែនការយុទ្ធសាស្រ្តជាតិសកម្ម ភាពមីន ២០១៨-២០២៥ ដែល ក្នុង នោះ ក៏ បាន លេីក ឡេីង ក្នុង ការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដោយ កំណត់ ក្នុង គោល ដៅ ទី ២ របស់ ខ្លួន ផង ដែរ ។

ឯកឧត្តម W. Patrick Murphy បាន មាន ប្រសាសន៍ ថា សហរដ្ឋអាមេរិក គឺ ជា អ្នក ផ្តល់ ជំនួយ មនុស្ស ធម៌ លេី ការងារ បោស សម្អាត មីន គ្រាប់ នៅកម្ពុជាធំមួយ ក្នុង គោលដៅ ចូលរួម ផ្តល់ នូវ សុខ សុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា ហើយ សហរដ្ឋអាមេរិក នឹងប្តេជ្ញា បន្ត ឈរ ជាមួយ កម្ពុជា ក្នុង ការ បញ្ចប់ ការគម្រាម កំហែង ដោយ សារ មីន អោយ អស់ នៅ ឆ្នាំ ២០២៥ ស្រប តាម ផែនការ យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល កម្ពុជា ផងដែរ៕