នៅថ្ងៃទី១ ខែតុលា នេះ គ្រឹះស្ថានអង្គរ បានប្រកាសថា រយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង១៨.៤៥៦.៣០៧លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះ ធ្លាក់ចុះ-៧៥,១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ៩ខែ ឆ្នាំ២០២០នេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេស៣៩៦.២៤១នាក់ ធ្លាក់ចុះ-៧៦,១៧ភាគរយ។ សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល៩ខែឆ្នាំ២០២០នេះ ត្រូវឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាចំនួន៧៩២.៤៨២ដុល្លារ ។ ចំណូលពីការលក់ប័ណ្ណនៅប្រសាទកោះកែរ សម្រាប់ខែកញ្ញា មានចំនួន៩៧នាក់ ស្នើនឹង៩៧០ដុល្លារ ។ សរុបចំណូលលក់ប័ណ្ណនៅប្រាសាទកោះកែររយៈពេល៩ខែក្នុងឆ្នាំនេះ ចំនួន៨.៩១៤នាក់ ស្មើនឹង៨៩.១៤០ដុល្លារ។
ក្នុងខែកញ្ញាឆ្នាំ២០២០ នេះ ភ្ញៀវបរទេស ចំនួន២.៩៤៨នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ គឺមានការធ្លាក់ចុះ -៩៧,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ រីឯចំណូលក្នុងខែកញ្ញា វិញទទួលបាន ១២៤.២៩៦ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺធ្លាក់ចុះ-៩៧,៤៥ភាគរយ៕