លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងរួមចំណែកផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ ប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។ លោកបានលើកឡើងនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ឋ វីដេអូ រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ស្តីពីការឆ្លើយតបនឹងជំងឺ កូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ។
លោក ប្រាក់ សុខុន ក៏បានលើកឡើងអំពីលទ្ធភាព សម្រាប់ ភាគី ទាំងពីរ ដើម្បីរិះរកវិធីសាស្រ្តប្រកប ដោយភាពច្នៃប្រឌិតនានាក្នុងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិបើកចំហ និងការបង្កើត ច្រក ធ្វើ ដំណើរ សុវត្ថិភាពសម្រាប់អ្នកជំនួញ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរពាណិជ្ជកម្ម និងវិនិយោគ រវាងចក្រភពអង់គ្លេស និងតំបន់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មី អំពីការគាំទ្ររបស់កម្ពុជាចំពោះការស្នើសុំរបស់ចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនា និងបញ្ជាក់ថា អាស៊ាន និងចក្រភពអង់គ្លេស នៅតែអាចធ្វើការជាមួយគ្នាបាន ក្នុងអំឡុងពេលកំពុងរង់ចាំការយល់ព្រមលើសំណើ ជាពិសេសទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលមានសារសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន និងចក្រភពអង់គ្លេស៕