រដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងកាត់ដេររយៈ៣ខែទៀត

រដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្អាកការបង់ពន្ធប្រចាំខែចំពោះវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសណ្ឋាគារ ផ្ទះសំណាក់ និងទីភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល៣ខែបន្ថែមទៀត។ ក្នុងនោះ រដ្ឋាភិបាលក៏បានស្តារវិស័យកាត់ដេរវាយនភណ្ឌ ដោយផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារនិង៣០ដុល្លារបន្ថែមទៀតពីរោងចក្រចំនួន ៣ខែបន្ថែមទៀត ក្រោមហេតុផលដើម្បីជួយជំរុញនិងស្តារសេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ១៩។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត រយៈពេល៣ខែដល់ចុងឆ្នាំ២០២០នេះ បន្ថែមពីលើប្រាក់៤០ដុល្លារផ្តល់ជូនដល់និយោជិតបម្រើការងារលើវិស័យទេសចរណ៍នេះផ្ទាល់ និងពន្ធអប្បបរមាចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ជីនៅកម្ពុជា ចំនួន២ខែ រហូតដល់ខែធ្នូ ចុងឆ្នាំនេះ។

គួររំលឹកថា រដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា វិស័យទេសចរណ៍និងវិស័យអាកាសចរណ៍នៅកម្ពុជា បានលើកលែងការបង់ពន្ធចំនួន២ខែ គិតចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

រដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា នេះ ថា រដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ១៩មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាពសម្រាប់វិធានការចាំបាច់ដែលបានដាក់ចេញនិងវិធានការសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត៕