រាជរដ្ឋាភិបាល សម្រេចបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលទបទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង សរសេរជាភាសាអង់គ្លេសថា Credit Guarantee Corporation of Cambodia (CGCC) ដែលស្ថិតនៅ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស.ធ.ក ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ដែលមានឧបនិស្ស័យជាគ្រឹះស្ថានហិរញ្ញវត្ថុមិនមែន ធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។
ស.ធ.ក មានបេសកកម្មផ្តល់សេវាធានាឥណទាន ប្រកបដោយជំនាញវិជ្ជាជីវៈ ស្របតាមនិយាមអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។អនុក្រឹត្យនេះ មាន៥ជំពូក និង១៩មាត្រា៕