ក្រសួងអំពាវនាវឲ្យម្ចាស់យានយន្តហួសសុពលភាពឆៀកប្រហែល៣៦០ពាន់គ្រឿងយករថយន្តទៅឆៀក

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ថ្លែងថា មាន រថយន្ត ប្រហែលជា ៣៦០ពាន់គ្រឿងដែលផុតសុពលភាព មិនទាន់បានយករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) នៅឡើយទេ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត (ឆៀក) សាខាកំបូលរាជធានីភ្នំពេញកាលពី ថ្ងៃ ពុធលោក ស៊ុន ចាន់ថុល បានសំណូមពរឱ្យម្ចាស់យានយន្តទាំងអស់ត្រូវយករថយន្តមកឆៀកឱ្យបានទាន់ពេលវេលាចៀសវាងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងចៀសវាងការផាកពិន័យផងដែរ ។

គួរជម្រាបថា គិតមកដល់ពេលនេះ មានទិន្នន័យយានយន្តផុតសុពលភាពត្រួតពិនិត្យលក្ខណៈ បច្ចេកទេសប្រមាណ ២៨% ហើយក្រសួងបានធ្វើការផ្ញើសារ SMS ចេញទៅក្រើនរំឭកម្ចាស់យានយន្តប្រមាណ ១២ ០០០នាក់ហើយ ហើយ ក៏ បន្ត ផ្ញើ សារ នេះ ដើម្បី ជូនដំណឹងទៅកាន់ពួកគាត់សំដៅ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

លោក ឈួន វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា ក្នុង រយៈពេល ៣ខែចុងក្រោយនេះ មានរថយន្តមកឆៀក ជាង ៨ម៉ឺនគ្រឿងក្នុងនោះមានរថយន្តជិត ២ម៉ឺនគ្រឿងដែលត្រូវពិន័យ ដោយសារហួសសុពលភាព ។លោក ថា ៖ ក្នុងការពិន័យយើងមានការយោគយល់ណាស់មានន័យថា រថយន្តប្រជាពលរដ្ឋហួសសុពលភាព រយៈពេលប៉ុន្មានឆ្នាំក៏ដោយសម្រាប់ឡានតូច យើងគិតតែ១ឆ្នាំទេ ចំណែកឡានធំយើងគិតត្រឹមតែ២ឆ្នាំទេ ហើយបើសិនជាគាត់ហួសក្នុង រយៈពេលមិនដល់១ឆ្នាំទេ ក្នុងរយៈពេល ៣ថ្ងៃដំបូងយើងមិនគិតលុយ ទេ » ។

ទោះជាយ៉ាងនេះក្តីលោក ឈួន វ៉ាន់ បញ្ជាក់ ថា ប្រសិន បើ ប្រជាពលរដ្ឋ នៅ តែ រឹងរូស គេចវេះ មិន ព្រម ចូល ទៅ ឆៀក ក្រសួង សាធារណការ និង ដឹកជញ្ជូន សហការ ជាមួយ មន្ត្រីនគរបាល ចរាចរណ៍ ដើម្បី អនុវត្ត ច្បាប់ លើ ដងផ្លូវ ហើយ នៅពេល ដែល ពួកគាត់ មក ដល់ កន្លែង មជ្ឈមណ្ឌល ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត ក៏ត្រូវ ពិន័យ ថែម ១ សាទៀត ព្រោះ ហួស សុពលភាព ដោយ គុណ ជា ថ្ងៃ ជាក់ស្តែង ៕