ភ្នំពេញ ៖ បុរសវ័យជាង២០ឆ្នាំម្នាក់ ខឹងតូចចិត្តហៅសង្សារចូលផ្ទះសំណាក់មិនបាន បែរជាលេបថ្នាំអស់៣បន្ទះប៉ុនប៉ងស្លាប់ខ្លួនតែសំណាងល្អម្ចាស់ផ្ទះឃើញទាន់ដែលក្នុងសភាពរឹងដៃ រឹងជើង ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ឲ្យស្នើសុំអន្តរាគមន៍រថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
ការធ្វើអត្តឃាតបង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះអាយុជាង ២០ឆ្នាំ ក្នុងសភាពប្រកាច់សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ ដេកឱបរូបថតស្រីម្នាក់ និងសំបកថ្នាំពេទ្យ៣បន្លះក្បែរខ្លួន។
តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់បានឲ្យដឹងថា ជនរងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាក តាំងពីល្ងាចថ្ងៃទី០៨ ខែតុលា ម្សិលមិញ ជួលដេកសម្រាក១ថ្ងៃ លុះដល់វេលាម៉ោង ២រសៀល ថ្ងៃទី៩ ទៅហើយមិនឃើញចេញព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារ ឡើងទៅគោះទ្វារហៅមិនឆ្លើយ ក៏ចាក់សោបើកមើល ទើបប្រទះឃើញជនរងគ្រោះដេកប្រកាច់ សន្លប់បែកពពុះមាត់ រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។
តាមព័ត៌មានផ្សេងមួយទៀតបានឲ្យដឹងថា ជនរងគ្រោះ ជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបកើតក្តីមួរម៉ៅ តូចចិត្តក៏លេបថ្នាំ ប៉ុនប៉ងសម្លាប់ខ្លួន និងរកចងក តែមិនបាសម្រេចត្រូវគេឃើញជួយ សង្គ្រោះទាន់ កុំអី….។
បុរសរូបនោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះ៕