ព្រឹកនេះ ឯ.ឧ. វ៉ាង យី ប្រមុខការទូតចិន នឹងជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន

តាមកម្មវិធីគ្រោងទុក នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យីនឹងអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា ។ លុះនៅវេលាម៉ោង ១១ ៖ ០០ នាទីព្រឹកនេះដែរ ឯកឧត្តម វ៉ាង យី នឹងបន្តអញ្ជើញជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព។

គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាងយី ក៏នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន និងឯកសារសំខាន់ៗចំនួនពីរទៀត រួមមានលិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូនិងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ផងដែរ៕