អ្នកកាសែត២រូប និងពលរដ្ឋ៥រូប ត្រូវបានឃុំខ្លួនបណ្តោះអាសន្នពីបទប្រើហិង្សា និងញុះញង់

ដោយCNS/ខេត្តព្រះសីហនុ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ កាលពីវេលាថ្ងៃត្រង់ទី២២ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ បានសម្រេចចោទប្រកាន់អ្នកកាសែត២នាក់ និងប្រជាពលរដ្ឋចំនួន ៥នាក់ លើករណីប្រើហិង្សា និងញុះញង់ លើដីមានមានម្ចាស់កម្មសិទ្ធិស្របច្បាប់ គឺលោកឧកញ៉ា ខូវ សម្បត្តិ។

ទាក់ទិនសំណុំរឿងនេះ លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ជនសង្ស័យឈ្មោះ កែវ រតនា ចាងហ្វាងកាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឲ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងសមគំនិត ក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣ នៃច្បាប់ភូមិបាល។

ចំណែកប្រជាពលរដ្ឋចំនួន ៥នាក់មានឈ្មោះ ហង្ស សុភា ហៅ អ៊ីស៊ីន ភេទស្រី អាយុ៤៩ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ, ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ, ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ និង ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត, បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, និង កំហែងយក តាមមាត្រា២៥៣ នៃច្បាប់ភូមិបាល, មាត្រា៣៦៣ និង មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

បច្ចុប្បន្នជនត្រូវចោទទាំង៧នាក់ និង សំណុំរឿនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ។

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជាក់ថា ការចាប់ខ្លួននេះ បន្ទាប់ពីជនសង្ស័យទាំងនោះ បានប្រព្រឹត្តបទល្មើសនៅចំណុច ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះ អ្នកកាសែតចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន៥នាក់ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីរង់ចាំបន្តនីតិវិធីវិធីនៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃស្អែកទៀត។

ទាក់ទិនសំណុំរឿងនេះដែរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបបន្ទាន់មួយ ជុំវិញករណីចាប់ឃាត់ខ្លួនអ្នកកាសែតចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន ៥នាក់ នៅខេត្តព្រះសីហនុនេះ៕