ខេត្តបន្ទាយមានជ័យ ៖ ទណ្ឌិតនិងពិរុទ្ធជន សរុបចំនួន១.៦០០នាក់ ស្រីចំនួន៨៥នាក់ នៅរសៀលថ្ងៃទី១៣ ខែតុលា នេះ ត្រូវបានដឹកជម្លៀសចេញពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយសារទឹកភ្លៀងជន់លិច ។
លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន នាយកពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ថាន ភាពទឹកជំនន់នេះ បានបង្កឡើងតាំងពីល្ងាចថ្ងៃទី១២ខែតុលា ឆ្នាំ២០២០ កម្លាំងអនុរក្សពន្ធនាគារនិងអ្នកជាប់ឃុំ ក្នុងពន្ធនាគារដែលមានកំរិតទោសធូរស្រាល បានច្រកដីខ្សាច់បិទមុខបន្ទប់ឃុំឃាំងទប់ទឹកកុំឲ្យមានហូរចូលទៅក្នុងបន្ទប់របស់ពិរុទ្ធជននិងទណ្ឌិតជន ។ លុះដល់វេលារំលងអាធ្រាតយប់ឈានចូលថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០ ទឹកបានហូរជ្រាបចូលក្នុងបរិវេណពន្ធនាគារ ដែលមានជម្រៅក្រោមក្បាលជង្គង់ ។ នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះដែរ ក៏មានវត្ថមានឯកឧត្តម ប៉ាល់ សំអឿន,ឯកឧត្តមអ៊ី ឡុង ,និងលោកជំទាវ នូម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ,ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យជាក់ស្តែង ក្នុងពន្ធនាគារនោះផងដែរ។
លោកឧត្តមសេនីយ៍ទោអ៊ុង ស៊ីផាន បានបញ្ជាក់ថា ដើម្បីសុវត្ថិភាព ពិរុទ្ធជននិងទណ្ឌិតជនទាំង១,៦០០នាក់ ក្នុងនោះស្រី៨៥នាក់ លោកបានស្នើសុំគោលការណ៍ទៅឯកឧត្តម អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចជម្លៀសពិរុទ្ធជននិងទណ្ឌិតជនទាំង១.៦០០នាក់ ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅផ្ញើនៅពន្ធនាគារខេត្តផ្សេងៗ ដែលក្នុងនោះ នៅរសៀលថ្ងៃទី១៣ខែតុលានេះ បានជម្លៀសចេញពិរុទ្ធនិង ទណ្ឌិតជនចំនួន៨១១នាក់ ក្នុងនោះស្រីចំនួន៨៥នាក់ ទៅផ្ញើនៅពន្ធនាគារខេត្តសៀមរាប និងថ្ងៃស្អែកបន្តជម្លៀសចេញចំនួន២០០នាក់ទៀតទៅពន្ធនាគារខេត្តកំពង់ធំ ហើយនៅសល់ប៉ុន្មាន បញ្ជូនទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
ក្នុងការជម្លៀសពិរុទ្ធនិងទណ្ឌិតជននេះ មានកងកម្លាំងនគរបាលសរុបចំនួន២០០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមកការពារក្រែងមានការលួចរត់របស់ ទណ្ឌិត និងពិរុទ្ធ ក្នុងនោះក៏មានកងកម្លាំងរាជអាវុធហត្ថខេត្ត និងកម្លាំងយោធាផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ លោកបានដឹកនាំកម្លាំងចេញប្រតិបតិ្តការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ ចំនួន២០០នាក់ និងការពារមិនឲ្យមានការលួចរត់របស់ទណ្ឌិត និងពិរុទ្ធជនចំនួន២០០នាក់ និងត្រៀមប្រចាំការ នៅស្នងការដ្ឋានចំនួន២៣០នាក់ផងដែរ សរុបទាំងអស់ចំនួន៦៣០នាក់៕