ការនាំចេញផលនេសាទរបស់កម្ពុជា ក្នុង៩ខែដើមឆ្នាំនេះធ្លាក់ចុះជាង៨៤ភាគរយ

ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២០ នេះ កម្ពុជា បាននាំចេញផលនេសាទសរុប ១ ៧៣០ តោន ធ្លាក់ចុះជាង ៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនមានចំនួន ១០ ៩៨០តោន ដោយសារតែការកើនឡើងនៃតម្រូវការក្នុងស្រុកអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ទិន្នន័យពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេលនេះកម្ពុជានាំចេញផលនេសាទស្រស់បានចំនួន ១ ៤៩៨ តោន ធ្លាក់ចុះជាង ៧៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមាន ៧០០០ តោន ខណៈការនាំចេញផលនេសាទកែច្នៃមានបរិមាណ ២៣២ តោន ធ្លាក់ចុះជាង ៩៤ ភាគរយ។ របាយការណ៍ដដែលឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២០ ការចិញ្ចឹមត្រី និងបង្គាអនុវត្តបានជាង ២៩,៦៥ ម៉ឺនតោន កើនឡើង ៥១ ០០០ តោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ទិន្នន័យនេះបានឱ្យដឹងថា ការប្រមូលផលនេសាទទឹកសាបសរុបក្នុងរយៈពេល ៩ ខែនេះមានចំនួន ២៥២ ៦៤៦ តោន ធ្លាក់ចុះ ៩៦៥ តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈផលនេសាទសមុទ្រប្រមូលបាន ៨៨ ៣៣០តោន ធ្លាក់ចុះ ៣ ៦៨៤ តោន៕