ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូអភិវឌ្ឍន៍ ស្ដីពីការត្រៀបឆ្លើយតបបន្ទាន់ទឹកជំនន់រហ័សនៅកម្ពុជា លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកថា គិតត្រឹមពេលនេះ ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣ម៉ឺន៩ពាន់៧០២គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ប៉ះពាល់លំនៅឋាន៣ម៉ឺន ៩ពាន់ ៤៨៥ខ្នងផ្ទះ និងខូចខាត ៣០ខ្នង សាលារៀនចំនួន ៤០២ខ្នង វត្តចំនួន ៦៤វត្ត។ ទឹកជំនន់ដែលប៉ះពាល់ធ្ងន់ធ្ងរនេះ មានចំនួន ១៩ខេត្ត និងរាជធានី ដោយឡែកការងារបង្កបង្កើនផលស្រូវធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។
លោកបន្តថា ក្នុងនោះស្រូវសន្ទូងជិត ១១ម៉ឺន ៦ពាន់ ៧៦៤៧ហិកតា និងដំណាំផ្សេងៗជាង ៥ម៉ឺនហិកតា។ ក្រៅពីផលដំណាំទឹកជំនន់នេះ ក៏ប៉ះពាល់ផ្លូវជាតិមានចំនួន ១ម៉ឺន ៩ពាន់ ១៧១ម៉ែត្រ និងផ្លូវលំ ២ម៉ឺន ៦ពាន់ ៥២០ម៉ែត្រ និងស្ពានជាច្រើនផងដែរ។
លោក ហង្ស សាមឿន បញ្ជាក់ថា រឿងរ៉ាវដែលគួរឲ្យសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១២នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស៕