ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រ ក្នុងទូទាំងប្រទេស នឹងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ៨ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឲ្យដឹងថា ឆ្នាំ២០២០ នេះ មានក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ចំនួន៥៦ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៨ឆ្នាំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង៧:០០នាទីព្រឹកតទៅ ដោយអនុវត្តតាមវិធានការការពារនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការពារការឆ្លងនៃជំងឺកូវីដ-១៩ ដោយតម្រូវឲ្យពាក់ម៉ាស ធ្វើការវាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព។
បើតាមផែនការណែនាំរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ដែលបានឯកភាពក្នុងអង្គប្រជុំអន្តរក្រសួងកន្លងទៅ គឺតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំ និងអនុវត្តក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅឲ្យបានល្អប្រសើរតាមការគ្រោងទុក។
សូមបញ្ជាក់ថា ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ។ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”។
ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តនិងប្រជារាស្ត្រ ក្នុងទូទាំងប្រទេសនឹងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៨ឆ្នាំ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០៕