គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ នេះថា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ បានកើនដល់ ១២នាក់ ខណៈពលរដ្ឋ ដែលរង ផលប៉ះពាល់បានកើនដល់ ជិត ១៦ម៉ឹននាក់។
របាយការណ៍ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ បាន លើកឡើង ថា គិតត្រឹមរសៀល ថ្ងៃទី១៤ ខែតុលា នេះ ចំនួន អ្នកស្លាប់ក្នុងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បាន កើនដល់ ១២នាក់ (កុមារ៥នាក់) ក្នុងនោះ នៅខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ៥នាក់, ខេត្តព្រះសីហនុ ២នាក់, ខេត្តពោធិ៍សាត់ ៣នាក់, ខេត្តប៉ៃលិន ១នាក់ និង ខេត្ត កំពង់ធំ១នាក់។
របាយការណ៍ដដែល បន្តថា ខេត្តដែលរង ផល ប៉ះពាល់ បាន កើនដល់ ១៩រាជធានី-ខេត្ត និង មានប្រជាពលរដ្ឋ រង ផល ប៉ះពាល់ ជាង ១៥ម៉ឺន ៨ពាន់នាក់ ខណៈពលរដ្ឋ ជាង ១១ម៉ឺននាក់ ត្រូវ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
របាយការណ៍ បន្ថែមថា ជំនន់ទឹកភ្លៀង ក៏បានបង្កឱ្យ ខូចខាត ផ្ទះសម្បែងពលរដ្ឋចំនួន ៣០ខ្នង លិចស្រូវជាង ១១ម៉ឺនហិកតា និង ដំណាំរួមផ្សំផ្សេងៗជាង៥ម៉ឺន៥ពាន់ហិកតា។
អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់វីអូឌីប្រាប់នៅថ្ងៃនេះ ថា ខេត្ត ដែល រង ផល ប៉ះពាល់ ដោយ ជំនន់ ទឹកភ្លៀង ទាំង ១៩នោះ រួមមាន រាជធានី ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះសីហនុ ស្វាយរៀង ឧត្តរ មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី កោះកុង កំពង់ឆ្នាំង កណ្ដាល កំពង់ធំ ព្រះ វិហារ កំពង់ចាម និង ស្ទឹងត្រែង។
លោកថា៖ «ក្រុមការងារថ្នាក់ជាតិ និងកងកម្លាំងយោធា ដែលជាកម្លាំងរុករក និងសង្រ្គោះ បាន ប្រមាណជា១ ពាន់នាក់ បានចុះទៅ គោលដៅខេត្តដែល រងគ្រោះហើយកំពុង តែសង្គ្រោះ ហើយនឹងត្រៀមលក្ខណៈសង្គ្រោះ ថ្នាក់ដឹកនាំបានសហការជាមួយអាជ្ញាធរខេត្តនិងអង្គភាពដែលពាក់ព័ន្ធក្នុងការចែកស្បៀង ទឹក ហើយហ្នឹងសម្ភារៈមួយចំនួនទៀតដល់ជនរងគ្រោះ»។
រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន លោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ ថុល មានប្រសាសន៍ ពេលចុះត្រួត ពិនិត្យ ស្ថានភាពទឹកជំនន់ នៅក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃនេះ ថា ជំនន់ ទឹកភ្លៀង បាន បង្ក ផល ប៉ះពាល់ដល់ ផ្លូវចំនួន ៨៧ខ្សែ ដែលមាន ប្រវែង ២៤៣ គីឡូ ម៉ែត្រ ស្មើ នឹង ១៩៩កំណាត់ នៅ ក្នុង ខេត្ត ចំនួន ១៣។
លោក ស៊ុន ចាន់ថុល បន្តថា មក ដល់ ពេល នេះ ក្រុម ការ ងារ ក្រសួង កំពុង បន្ត ចុះតាមដាន និង វាយតម្លៃស្ថានភាពផ្លូវ ដែល រងការខូចខាត ដើម្បីត្រៀមជួសជុល ឡើងវិញ ក្រោយ ពេលជំនន់ ទឹកភ្លៀង ស្រក ចុះវិញ។
កាលពីរសៀល ថ្ងៃម្សិល មិញ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា ទំនប់ចំការ តែ នៅខ្នងភ្នំគិរីរម្យដែល ស្តុក ទឹក ៥លានម៉ែត្រគូប បានបាក់ ដោយសារតែ មានភ្លៀង ធ្លាក់ ច្រើន ជាបន្ត បន្ទាប់ ។
អាជ្ញាធរខេត្តបាន បន្តថា ការបាក់ទំនប់ ដែលស្តុកទឹកដ៏ច្រើន នេះ បាន បង្កផលប៉ះពាល់ដល់ឃុំមួយចំនួន នៅក្រុង ស្រុកសំរោងទង និង តំបន់ តាមបណ្តោយស្ពាន ព្រែកត្នោត ដែលតម្រូវ ឱ្យ ប្រជាពលរដ្ឋ បង្កើនការប្រយ័ត្ន។
នៅថ្ងៃពុធននេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែម ថា កម្រិត កម្ពស់ទឹក នៅទំនប់ពាមឃ្លៃ និងទ្វារទឹក រលាំង ជ្រៃ ក៏បាន ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្នដែរ ក្រោយ ទទួល រង ឥទ្ធិពល ព្យុះ និងមានភ្លៀង ធ្លាក់ យ៉ាងច្រើនជាបន្តបន្ទាប់។
ករណីនេះ រដ្ឋបាលខេត្ត បានជូនដំណឹងដល់ ប្រជាពលរដ្ឋរស់ នៅ ភូមិមួយចំនួន ក្នុង ស្រុកសំរោង ទង និង ក្រុង ច្បារមន រៀបចំរើទុកដាក់ សម្ភារៈសំខាន់ៗទៅកាន់ទីទួលសុវត្ថិ ភាពឱ្យ បាន ត្រឹមត្រូវ ជាពិសេស មនុស្ស ចាស់ជរា និង កុមារ តូចៗ ត្រូវ ទៅកាន់ទីទួសសុវត្ថិភាពមុន គេ និងត្រូវ ប្រុងប្រយ័ត្ន ចំពោះខ្សែអគ្គិសនី។
ការបាក់ទំនប់ ចំការតែ ក៏បាន បណ្តាល ឱ្យ តំបន់ មួយចំនួននៅជាយរាជធានីភ្នំពេញរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងផងដែរ ជាពិសេស នៅក្នុងខណ្ឌដង្កោ។
ចំណែក រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃពុធនេះ បានជូនដំណឹងពី ស្ថានភាពទឹក ទំបន់ ៧មករា (កំពង់ទួល) និង ស្ទឹងព្រែកត្នោត ដែលនៅតែបន្ដជន់ឡើងខ្លាំងលើសកម្រិតប្រកាស អាសន្ន។រដ្ឋបាលខេត្តបានបញ្ជាក់ថា ស្ថានភាពនេះ អាចបណ្ដាល ឱ្យ មានផលប៉ះពាល់ដល់ភូមិសាស្ដ្រ ខេត្ត កណ្ដាល រួមមាន ក្រុងតាខ្មៅ ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង។រដ្ឋបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅស្រុកទាំង៣នេះ ត្រៀមបង្ការ និងប្រុង ប្រយ័ត្នខ្ពស់ ហើយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរៀបចំ ផែនការអន្ដរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទួល សុវត្ថិ ភាពឱ្យ បានច្បាស់លាស់។
កាលពីថ្ងៃទី១៣ ខែតុលា ក្រសួងធនធានទឹក និងឧតុនិយម បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ឱ្យ ប្រុងប្រយ័ត្ន ចំពោះ ជំនន់ ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែតុលានេះ កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះ ទី១៦ ឈ្មោះ ណាង កា (Nangka ) និង ព្យុះ ទី១៧ ឈ្មោះ សូ ដែល (Saudel ) ដែល នាំឱ្យមានភ្លៀងធ្លាក់ បាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និង រលក សមុទ្រ ខ្ពស់ ៗផងដែរ៕