សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែតុលា នេះ រាជរដ្ឋាភិបាលទទួលបានថវិកាជំនួយឧបត្ថម្ភសម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ កើនដល់ជាង ៧.៥៧៣.១៦៣ដុល្លារសហរដ្ឋអាមេរិក។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។
គួរជម្រាបថា នៅដើមខែតុលា នេះ ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា បណ្តាលឲ្យខូចខាតផលដំណាំកសិកម្មយ៉ាងច្រើនហិកតា ខូចខាតផ្លូវថ្នល់ និងបង្កឲ្យមនុស្សស្លាប់ជិត ៣០នាក់ ហើយមកដល់ថ្ងៃនេះ ទឹកនៅតំបន់ខ្លះបានស្រកចុះ តែតំបន់ខ្លះនៅជន់លិចនៅឡើយ។ ទោះយ៉ាងណាក្តី ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕