ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សាយលក់ឱសថព្យាបាលជំងឺទឹកនោមផ្អែមដោយគ្មានច្បាប់អនុញ្ញាត របស់គណនីហ្វេសប៊ុកឈ្មោះ «ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ» ទីតាំងនៅភ្នំពេញ និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការទិញឱសថនេះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា «ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឱ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រ ដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការទិញថ្នាំមកព្យាបាលដោួខ្លួនឯង នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីបញ្ជាក់ថា «ជនដែលផ្សាយតាមអនឡាញនូវឱសថ ឬបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយក្រសួងនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន។
លោកស្រី ជា ទូច អ្នកឯកទេសជំងឺទឹកនោមផ្អែម និងជាអតីតនាយិកាមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា (Cambodia Diabetes Center) អំពាវនាវដល់ពលរដ្ឋកុំប្រើប្រាស់ឱសថបុរាណគ្រប់ប្រភេទ ព្រោះអាចប៉ះពាល់ដល់សុខភាព។ បើពលរដ្ឋមានជំងឺទឹកនោមផ្អែមត្រូវស្វែងរកពេទ្យជំនាញផ្នែកវេជ្ជសាស្ដ្រដើម្បីព្យាបាល។
សូមជម្រាបថា អ្នកលក់ឱសថតាមអនឡាញដែលមាន គណនីឈ្មោះ «ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ» ទីតាំងនៅភ្នំពេញ តែងតែបង្ហោះសារថា អ្នកដែលមានបញ្ហាជំងឺលើសជាតិស្ករ ឬជំងឺទឹកនោមផ្អែមដែលបានព្យាយាមព្យាបាលដោយប្រើថ្នាំបារាំង ថ្នាំខ្មែរ ថ្នាំផ្សេងៗទៀតមិនបានផល ឬទើបនឹងកើតជំងឺនេះ មិនបាច់លេបថ្នាំពេទ្យ នាំតែប៉ះពាល់ដល់គ្រឿងក្នុងទៅថ្ងៃមុខនោះទេ តែត្រូវប្រើថ្នាំបុរាណខ្មែរផ្សំឡើងពីធម្មជាតិសុទ្ធសាធ ដោយមិនប្រើប្រាស់ជាតិគីមី ឬសារធាតុរក្សាទុកផ្សេងៗ ១០០% និងមិនប៉ះពាល់ដល់សុខភាព ដែលមានតម្លៃត្រឹម ៥០ដុល្លារ ក្នុង១ឈុត ពិសាក្នុងរយៈពេល ១ខែកន្លះទៅ ២ខែ ប៉ុណ្ណោះ៕