សៀវភៅ «សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាព» នឹងចេញផ្សាយឆាប់ៗនេះ

ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តម ពៅ សុខ បានថ្លែងថា សៀវភៅ«សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាព» ដែលឯកឧត្តមចំណាយពេលប្រមាណ១០ឆ្នាំ ក្នុងការប្រមូលទិន្នន័យ និងសរសេរ និងមានកម្រាស់ជាង ៦០០ ទំព័រនេះ នឹងត្រូវចេញផ្សាយនៅចុងខែតុលា ឆាប់ៗនេះ។

ឯកឧត្តមបានរម្លឹកថា ការចេញផ្សាយសៀវភៅនេះ ដើម្បីអបអរសាទរ ខួប២៩ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងរម្លឹកពីអនុស្សាវរីយ៍ នៃព្រឹត្តិការណ៍ ដ៏ជូរចត់ ឈឺចាប់វេទនារបស់ប្រជាជនខ្មែរទូទាំងប្រទេស អំឡុងពេលប្រទេសមានសង្រ្គាម។

ឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ជាឫសគល់ នៃប្រជាធិបតេយ្យ ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ជាឫសគល់ នៃសន្តិភាព ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ជាឫសគល់ នៃការអភិវឌ្ឍ។ បើគ្មានកិច្ចព្រមព្រៀងប៉ារីសទេ នឹងគ្មានការបោះឆ្នោត គ្មានប្រជាធិបតេយ្យ គ្មានសន្តិភាព និងគ្មានការអភិវឌ្ឍឡើយ៕