សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវឲ្យម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុយោគយល់ដល់អ្នកត្រូវទឹកជន់លិច

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គួរយោគដល់អ្នកដែលលិចលង់ ដោយបន្ថូរបន្ថយពន្យាពេលនៃការសងប្រាក់ រហូតទៅដល់ការបន្ថយអត្រាការប្រាក់ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា នេះ ។

សម្តេច បានថា លើកឡើងថា « ព្រោះរឿងនេះ(ទឹកជំនន់) ជារឿងដែលបានកើតឡើង និងឈឺចាប់ណាស់ទៅហើយសម្រាប់ពលរដ្ឋ ដូច្នេះសម្តេច ស្នើសុំកុំមានការរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែសម្រាប់បុគ្គលណាដែលអំពាវនាវមិនសងប្រាក់ទៅធនាគារ ឬដកលុយពីធនាគារឲ្យអស់ដើម្បីឲ្យធនាគារនៅកម្ពុជាដួលរលំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា គួរតែរឹបអូសចុះ លើកលែងតែប្រជាពលរដ្ឋស្លូតត្រង់។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយណ៍ បានឲ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងដែលបានវាយប្រហារខេត្តមួយចំនួនរបស់កម្ពុជា បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ៤១ម៉ឺននាក់ ស្មើនឹងចំនួន ១០៤.៣៤៨គ្រួសារ៕