សម្តេចតេជោអះអាងថា មិនដែលនិយាយជាមួយចិន យកកំពង់ផែ និងព្រលានយន្តហោះកម្ពុជា សម្រាប់បម្រើឲ្យយោធាបរទេសទេ
ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សម្តេចមិនដែលនិយាយជាមួយចិន ឬជាមួយប្រទេសណាមួយ ស្តីពី បម្រើបម្រាស់កំពង់ផែ វាលយន្តហោះកម្ពុជាសម្រាប់យោធាបរទេសទេ ហើយរដ្ឋធម្មនុញ្ញ ក៏មិនអនុញ្ញាតឲ្យដែរ»។ នេះបើតាម ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្រង់ប្រសាសន៏សម្តេចតេជោ មកផ្សព្វផ្សាយ លើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នាថ្ងៃទី២៣ ខែតុលានេះ។
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្ស នៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កំពង់ផែរាម ជាកំពង់ផែយោធាផ្តាច់មុខរបស់កម្ពុជា ដែលមិនមែនជាកំពង់ផែអន្តរជាតិ សម្រាប់ដឹកទំនិញចេញចូលនោះទេ។ ប៉ុន្តែប្រសិនបើប្រទេសណាមួយ ចង់ចូលចត នៅកំពង់ផែយោធានេះ គឺត្រូវស្នើសុំការអនុញ្ញាតពីកម្ពុជា ជាមុនសិន ហើយអាចចូលចតនាវាយោធា នៅកំពង់ផែយោធាកម្ពុជា ដូចជា ចូលចតចាក់ប្រេង ឬឡើងគោក ដើម្បីសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយ ជាមួយនឹងកម្ពុជា។ សម្តេចបានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ មិនមែនតែមិត្តចិនមួយប៉ុណ្ណោះ៕