សម្តេចនាយករដ្ឋមន្ត្រី ៖ ដាច់ខាតមិនចរចានយោបាយជាមួយអតីតគណបក្សប្រឆាំង

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នេះ បានប្រកាសថា សម្ដេច មិនត្រូវការចរចានយោបាយជាមួយអ្នកណាទាំងអស់ ហើយអ្នកដែលធ្វើខុសច្បាប់ត្រូវស្ថិតនៅតុលាការ អ្នកដែលកាត់ទោសហើយត្រូវមកជាប់ពន្ធនាគារនៅកម្ពុជា។

ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សម្ដេចមិនត្រូវការចរចានយោបាយ ជាមួយអ្នកណាទាំងអស់ ចំពោះអ្នកដែលធ្វើខុសច្បាប់ត្រូវស្ថិតនៅតុលាការ អ្នកដែលកាត់ទោសហើយត្រូវមកជាប់ពន្ធនាគារនៅកម្ពុជា។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ គឺក្រោយលេចលឺ ពាក្យចរចាមរាមថា នឹងមានដំណោះស្រាយនយោបាយ ជាមួយសម្ដេច តែសម្ដេចតេជោអះអាងថា មានតែមកដោះស្រាយជាមួយច្បាប់តែប៉ុណ្ណឹង រឿងចរចានយោបាយគឺគ្មានឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងដែរថា សម្ដេចមាន លទ្ធភាព ដើម្បីរំលត់ភ្លើងសង្គ្រាម និងបង្រួបបង្រួមជាតិឲ្យមានការឯកភាពទឹកដី ប៉ុន្តែសម្ដេចមិនមានលទ្ធភាពដើម្បីធ្វើជាគ្រូអាចារ្យប្រដៅមនុស្សមួយក្រុម ដែលប៉ុនប៉ងបំផ្លាញជាតិ តាមរយៈការធ្វើសកម្មភាពបដិវត្តន៍ពណ៌នោះទេ។

សូមជម្រាបដែរថា តំបន់ម៉ាឡៃនេះ ជាអតីតសមរភូមិចុងក្រោយ និងជាអង្គការចាត់តាំងនយោបាយរបស់របបខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ បានបង្រួបបង្រួបជាតិតែមួយ និងការធ្វើសមាហរណកម្ម ជាកងទ័ពតែមួយនៅឆ្នាំ១៩៩៨។ សម្តេចតេជោ បានរំលឹកថា បើគ្មានការចូលរួមពីនាយកឧត្តមសេនីយ៏ អ៊ី ឈាន និងសុខ ភាពទេ ម្ល៉េះតំបន់នេះ ក៏មិនអាច ធ្វើសមាហរណកម្មបានងាយស្រួលនោះដែរ៕