សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានព្រមានចំពោះលោក ហូរ វ៉ាន់ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្រ្គោះជាតិ រឿងបញ្ជាពីក្រៅប្រទេសឱ្យមានការធ្វើបាតុកម្ម នៅមុខស្ថានទូតចិន និងទូតអាមេរិក នៅភ្នំពេញ ដែលពួកគេថា ដើម្បីប្រឆាំងវត្តមានកងទ័ពចិន នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានព្រមានឱ្យលោក ហូរ វ៉ាន់ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងគិតគូរដល់សមាជិកគ្រួសាររបស់ខ្លួនដែលកំពុងរស់នៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសម្តេចចាប់បានសំឡេងរបស់លោក ហូរ វ៉ាន់ បញ្ជាពីក្រៅប្រទេសឱ្យធ្វើបាតុកម្មកាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ ដោយហៅលោក ហូរ វ៉ាន់ «អា វ៉ាន់ៗ» និងបានចាក់សំឡេងដែលលោក ហូរ វ៉ាន់ បានបញ្ជាពីក្រៅប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះបាតុកម្មនេះដោយសារតែជាបាតុកម្មដែលប្រឆាំងនឹងរឿងមិនពិត។ រឿងមិនពិតដែលចោទថា កម្ពុជាបានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានកងទ័ពនៅក្នុងទឹកដីរបស់ខ្លួន។ តាមសម្តេចតេជោ ហ៊ុន សែន គឺវាមិនមែនជាការរឿងពិតទាល់តែសោះ។
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា នាព្រឹកថ្ងៃទី២៦ ខែតុលា នេះ សម្តេចបានប្រាប់លោក ហូរ វ៉ាន់ ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយត្រូវគិតគូរដល់ក្រុមគ្រួសាររបស់លោកដែលអាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងលោកដែរចំពោះបញ្ហានេះ។ ប៉ុន្តែ សម្តេចក៏បញ្ជាក់វិញថា ការលើកឡើងនេះ គឺមិនមែនជាការគំរាមកំហែង និងយកក្រុមគ្រួសារលោក ហូរ វ៉ាន់ ធ្វើជាចំណាប់ខ្មាំងអ្វីនោះទេ ពួកគេកំពុងរស់នៅមានសេចក្តីសុខ ប៉ុន្តែសកម្មភាពរបស់លោក ហូរ វ៉ាន់ អាចធ្វើឱ្យក្រុមគ្រួសាររបស់លោក ហូរ វ៉ាន់ ផ្ទាល់មានការព្រួយបារម្ភ។
សម្តេចតេជោ ក៏បានព្រលយពាក្យថា គួរនាំក្រុមគ្រួសាររបស់លោកទៅនៅក្រៅប្រទេសជាមួយលោកតែម្តងទៅ តែបើសិនជាមិនអ៊ីចឹងទេ ត្រូវធ្វើឱ្យស្រួលបួលបន្តិច។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា គឺចំខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានមនុស្សមួយក្រុមបាននាំគ្នាទៅជួបជុំតវ៉ានៅមុខស្ថានទូតចិននៅកម្ពុជាដោយគ្មានការអនុញ្ញាត ហើយត្រូវបានអាជ្ញាធរបំបែក។ ក្រោយបរាជ័យនៅទីនោះ ពួកគេក៏បានទៅជួបគ្នានៅមខស្ថានទូតអាមេរិក វិញម្តងក្នុងគោលបំណងដាក់ញ្ញតិ្ត។
សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកការធ្វើបាតុកម្មដែលមានលោក ហូរ វ៉ាន់ នៅពីក្រោយនេះថា មិនមែនជាបាតុកម្មទាមទារសិទ្ធិសេរីភាពទេ តែជាការទាមទារនូវរឿងដែលមិនមែនជាការពិត និងបានចាត់ទុកថា គឺជាគម្រោងដែលឈានទៅធ្វើរដ្ឋប្រហារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសមិនលើកលែងឱ្យលោក ហូរ វ៉ាន់ ចំពោះការរៀបចំឱ្យមានការធ្វើបាតុកម្មនៅលើផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ កន្លងទៅថែមទៀតផង ៕