ខែត្តកោះកុង ៖ ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុង និងលោកជំទាវ គឹម ញ៉ យន្ត មីន បងប្អូនកូនចៅ ក្នុងត្រកូល គ្រួសារទាំងាំងអស់ បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទាន ទៅកាន់ វត្ត មុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ ស្ថិតនៅ ភូមិ ជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ដែលបានផ្តួចផ្តើមគំនិតឡើងដោយ មហាឧបាសិកា យោង ហ៊ុន, មហាឧបាសិកា យន្ត ឈុនហ៊ួរ, ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន និងលោក ជំទាវ គឹម ញ៉ យន្ត មីន ព្រមទាំងបងប្អូន កូនចៅនិងក្រុមគ្រួសារទាំងអស់ អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដោយបានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តនេះ ដើម្បីលើកស្ទួយវិស័យសាសនា ជា សាសនារបស់រដ្ឋ។
មានពុទ្ធបរិស័ទ ខ្លះធ្វើដំណើរ មកពីរាជធានីភ្នំពេញ ខ្លះមកពីខេត្តកោះកុង ,ខ្លះធ្វើដំណើរ មក ពីខេត្តព្រះសីហនុ កំពត និងខេត្តកែប និងពុទ្ធបរិស័ទខ្លះទៀតចំណុះជើងវត្ត បានរួមគ្នាដង្ហែរអង្គកឋិនទាន នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
កម្មវិធីបុណ្យមានរយៈពេល ២ថ្ងៃ គឺ៖ ថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី សូត្រមន្ត នមស្សការ និងសំដែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃបន្ទាប់ ក៏មានពិធីដង្ហែ អង្គកឋិនទានប្រទក្សិណចំនួន ៣ជុំវិញ ព្រះវិហារ នៅក្នុងបរិវេណវត្តមុនីជលទ្ធារាម ហៅ វត្តជ្រោយស្វាយ និងបានវេរប្រគេន ព្រះសង្ឃក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាទុកជាគរុភណ្ឌក្នុងវត្តមុនីជលទ្ធារាម ហៅ វត្តជ្រោយស្វាយ។
អង្គកឋិនទានសាមគ្គីដែលកើតចេញ ពីចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ្ធ បានប្រមូលបច្ច័យសរុបចំនួន ជាង២០០លានរៀល និង ប្រាក់ដុល្លាគឺបានចំនួន ៥០០០ដុល្លាអាមេរិច ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងវត្ត មុនីជលទ្ធារាម ហៅ វត្តជ្រោយស្វាយ ក្នុងនោះ សម្រាប់ផ្គត់ផ្គង់បច្ច័យ៤ ដល់ព្រះសង្ឃផង និងដើម្បីកសាងសមិទ្ធផលថ្មីៗ បន្ថែមទៀតក្នុងវត្តផង។
ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និង ពុទ្ធបរិស័ទទាំងក្នុងខេត្ត ក្រៅខេត្ត បានចូលរួមចាប់មគ្គផលបុណ្យកឋិនទាន នៅវត្តមុនីជលទ្ធា ហៅវត្ត ជ្រោយស្វាយ យើងនេះ ព្រមទាំងសូមអនុមោទនា ទទួលយកនូវអានិសង្សតាមកម្លាំងជ្រះថ្លាររៀងៗខ្លួន។ ឯកឧត្តមបានបន្ថែមថា យើងទាំងអស់គ្នាបានមកជួបជុំធ្វើបុណ្យធ្វើទាននាពេលនេះ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ក៏បានធ្វើការក្រើនរម្លឹកប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ថែរក្សា ការពារខ្លួនកុំឱ្យឆ្លងជំងឺ Covid-១៩ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ បើចេញទៅតាន់ទីប្រជុំជនត្រូវពាក់ម៉ាស ក្រមា ឬកន្សែង ដើម្បីកុំឱ្យមានការឆ្លងជំងឺ Covid-១៩ មកក្នុងសហគមន៍ ។
ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយថែរក្សាការពារ សុខសន្តិភាព និងសមិទ្ធផលនានាដែលកើតមានសព្វថ្ងៃបានគង់វង្សយូរអង្វែងតទៅទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា៖ ជារៀងរាល់ឆ្នាំ នៅក្នុងរដូវកាលបុណ្យកឋិនទាន សាមគ្គី មហាឧបាសិកា យោង ហ៊ុន, មហាឧបាសិកា យន្ត ឈុនហ៊ួរ, ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន និងលោក ជំទាវ គឹម ញ៉ យន្ត មីន ព្រមទាំងបងប្អូនចៅ ញាតិ សណ្តាន ក្នុងត្រកូលនៃក្រុមគ្រួសារ បានផ្តួចផ្តើមគំនិតឡើង តែងតែអញ្ជើញ ចូលរួម ធ្វើបុណ្យ ធ្វើទានជាមួយពុទ្ធបរិស័ទជិតឆ្ងាយ និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត ទាំងអស់គ្នា។
ថ្លែងនៅក្នុង ពិធីបុណ្យ កឋិនទានសាមគ្គី នេះដែរ តាមការដកស្រង់ ប្រសាសន៍របស់ លោកព្រឹទ្ធាចារ្យ មហា ឧបាសិកា យន្ត ឈុនហ៊ួរ បានពន្យល់ថា៖ បិណ្យ កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណា មិនមានអង្គកឋិនហែរចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់។
កឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ក្នុងវត្តមួយ បើគ្មានភិក្ខុចាំវស្សា សោះ វត្តនោះក៏មិនអាចហែរ កឋិនចូលបានដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ យ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គ ដែល បានចាំវស្សា អស់រៈពេល ៣ខែ បានត្រឹមត្រូវទាំងបព្វជិត ទាំងគ្រហស្ថ អាចធ្វើកឋិនទានបានដូចគ្នាព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូល វស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សានោះ ។
ការពន្យល់ និង បកស្រាយយ៉ាងក្បោះក្បាយ និង មានអត្ថន័យខ្លឹមសារ ដ៏ល្អ របស់ លោកព្រឹទ្ធាចារ្យ មហាឧបាសិកា យន្ត ឈុនហ៊ួរ នាពេលនេះ ធ្វើអោយ ប្រជាពុទ្ធបរិស័ទ ក្មេងចាស់ ប្រុស ស្រី កាន់តែយល់ច្បាស់ អំពីពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយនេះ។
ហើយប្រជាពលរដ្ឋ ជាច្រើនរូបដែលបានមកចូលរួមទាំងអស់នឹងរក្សាប្រពៃណី វប្បធម៌ជាតិយើងអោយបានគង់វង្សជានិច្ច។
ឆ្លៀតក្នុងឱកាល់ បិណ្យអង្គកឋិនទាននៅវត្ត មុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ នេះដែរ ឯកឧត្តម យន្ត ដឹក ប្រធានគណៈកម្មការវត្ត បាន ថ្លែង អំណរគុណ ដល់ ឯកឧត្តម និង លោក ជំទាវ ដែលមានសុទ្ធា ជ្រះថ្លា ក្នុងការកសាង វត្ត មុនីជលទ្ធារាម ជាពិសេស ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និង លោក លោកស្រី ដែលជាសប្បុរសជន មកពី ខេត្តព្រះសីហនុ និង ខេត្តកោះកុង ឯកឧត្តមបានអានឈ្មោះ សប្បុរសជនទាំង ៩៩រូប។
សរុបទាំងអស់គឺបាន ចំនួន ២៤១ ប្រឡោះ ហើយ ក្នុងមួយៗ ប្រឡោះគឺ តំលៃ ២៩០ ដុល្លាក្នុងនោះឈ្នួលជាង អស់ចំនួន ២៧០ ដុល្លា និង សរសេរឈ្មោះ ជាប់ និង របងអស់ ២០ដុល្លា ដូច្នេះនៅសល់ ចំនួន ជាង ៤០ ប្រឡោះទៀតទើបរួចរាល់ ជា ស្ថាពរ
ឯកឧត្តម យន្ត ដឹក ក៏បាន ធ្វើការអំពាវនាវដល់ ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ក៏ដូចជា ប្រជាពុទ្ធបរិស័ទ ក្នុងខេត្ត និង ក្រៅខេត្ត ទាំងអស់ចូលរួម ជា បច្ច័យ តាម កម្លាំងសុទ្ធារ រៀងៗខ្លួនដើម្បីកសាង របងវត្ត និង បុស្បុក បន្ថែមទៀត៕ ដោយ មនោរាហ៍