ព្រះរាជប្រវត្តិសង្ខេបនៃការឡើងគ្រងរាជសម្បត្តិរបស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ គឺជាខួបលើកទី ១៦ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិនៃព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ នៅក្នុងឱកាសនេះ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត តាមស្ថានប័ន ឯកជន និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១ថ្ងៃដើម្បីចូលរួមអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ។ ឆ្លៀតក្នុងឱកាសនេះ សូមរំឭកពីប្រវត្តិសង្ខេបនៅមុន និងក្នុងពេលនៃការឡើងគ្រងរាជសម្បត្តិរបស់សម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ដូចខាងក្រោមនេះ។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះរាជបុត្រដែលរួមឧទរជាមួយទ្រង់ មានតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះអង្គ នរិន្ទរពង្ស ជាព្រះអនុជ។

ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ជាបេក្ខជនតែមួយអង្គគត់សម្រាប់ព្រះរាជ តំណែងដ៏ខ្ពង់ខ្ពស់ជាព្រះមហាក្សត្រ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកឆន្ទក្នុង សំឡេង ៩ លើ ៩ សំឡេង ដើម្បីឡើងសោយរាជ្យជាព្រះមហាក្សត្រ ជាព្រះរាជទាយាទពីព្រះបិតាព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ខណៈព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីថែទាំព្រះរោគព្រះរាជបិតា។

ក្រោយពីបានទទួលការជ្រើសតាំងជាព្រះមហាក្សត្រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ នោះមក ព្រះអង្គទ្រង់ រាជនុញ្ញាតឲ្យលោក ចាង ស៊ីវ មិញ អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន ចូលគាល់ និងប្រោសព្រះរាជទានសវនាការជាលើកដំបូង នៅក្នុងទីក្រុងប៉េកាំង។ លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី បានយាងនិវត្តន៍មកមាតុភូមិវិញដើម្បីទទួលព្រះរាជពិធីរាជាភិសេកគ្រងរាជសម្បត្តិជាផ្លូវការ។

ព្រះមហាក្សត្រកម្ពុជា មានព្រះបរមងា ថា ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិ សាសនា ខេតិយា ខេមរា រុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជ នាសមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជា ធិបតី។

នៅថ្ងៃទី២៩ ខែតុលា ជារៀងរាល់ឆ្នាំ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ត្រូវបានរៀបចំឡើងជាឱឡារឹកដើម្បីអបអរសាទរនៃការឡើងគ្រងរាជសម្បត្តិរបស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយនៅក្នុងព្រះបរមរាជវាំង គេតែងចាត់ចែងឲ្យមានពិធីជាផ្លូវការដែលធ្វើតាមទំនៀមទម្លាប់សាសនា។ ជាមួយនេះ នៅក្នុងឱកាសនៃការឡើង គ្រងរាជសម្បត្តិនៃព្រះមហាក្សត្រខ្មែរ នៅគ្រប់ទីកន្លែងស្ថាប័នរដ្ឋ ឯកជន បានដាក់តាំងព្រះឆាយាល័ ក្ខណ៍ព្រះអង្គ ដោយមានភ្លើងចម្រុះ ពណ៌ និងផ្កាផ្ញីលំអទៀតផង។

ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ត ពីព្រះបិតាក្រោយពេលដែលព្រះអង្គបានដាក់រាជ្យកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ មុនពេលឡើងគ្រងរាជ្យព្រះបាទ សីហ មុនី ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ជាឯកអគ្គរាជទូត វប្បធម៌ នៅអង្គការយូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន៕