ក្រសួងផែនការ ណែនាំឱ្យពលរដ្ឋស្ថិតក្នុងភាពក្រីក្រ អាចដាក់ពាក្យស្នើសុំប័ណ្ណសមធម៌នៅតាមសាលាឃុំ/សង្កាត់

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ បានឱ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពគាំពារសង្គម សម្រាប់គាំពារដល់ជនក្រីក្រ តាមរយៈការរៀបចំ និងដាក់អោយដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកសង្គមកិច្ច ។ លោក បានបន្តថា ប័ណ្ណសមធម៌នេះ បានផ្តល់នូវសេវាកម្មផ្សេងៗដូចជា៖ ការលើកកម្ពស់ជីវភាព ការព្យាបាល ដើម្បីធានានិរន្តរភាពជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ការទទួលបានប័ណ្ណសមធម៌នេះ គឺបានជួយសម្រាល ការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានកម្រិត តាមរយៈការទទួលបានប្រាក់ឧបត្ថម្ថ ពីរាជរដ្ឋាភិបាល។
«រាជរដ្ឋាភិបាលបានឱ្យក្រសួងផែនការរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្របន្ថែមទៀត ដើម្បីផ្តល់ទៅដល់អ្នកក្រីក្រ។អ៊ីចឹងយើងបានធ្វើនីតិវិធីមួយដែលបានរៀបចំដំណើរការអនុវត្តតាមឃុំ/សង្កាត់ជាង១ពាន់ នេះ ដែលជាអ្នកអត្តសញ្ញណកម្មទៅដល់គ្រួសារក្រីក្រ ចំណុចនេះដែលបានផ្តល់ឱកាស ទៅគ្រួសារក្រីក្រដែលអត់ទាន់មានប័ណ្ណសមធម៌អាចដាក់ពាក្យស្នើសុំតាមរយៈភូមិ ឃុំ/សង្កាត់និងសង្គមស៊ីវិលផ្សេងៗទៀតធ្វើសំណើស្នើសុំ សម្ភាសន៍ទៅលើគ្រួសារណា ដែលអត់ទាន់មានប័ណ្ណក្រីក្រដែលជីវភាពពិតជាក្រីក្រពិតប្រាកដមែន។រាល់ថ្ងៃនេះយើងបានផ្តល់ឱកាសគ្រួសារក្រីក្រទាំងអស់ដែលមិនទាន់មានប័ណ្ណសមធម៌ ដើម្បីធ្វើការស្នើសុំតាមឃុំ/សង្កាត់បន្ថែមទៀត»។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានគ្រួសារក្រីក្រសរុបជិត៧០ម៉ឺនគ្រួសារ ស្មើនឹង ចំនួនមនុស្សជាង២លាននាក់ ។ ទន្ទឹមនេះ ក្រសួងបាន អនុវត្តន៍វិលតាមជុំដោយសារ តែមានគ្រួសារមួយចំនួន មានជីវភាពប្រសើរឡើងវិញហើយ ហើយត្រូវបានដក ចេញពីបណ្ណក្រីក្របានចំនួនជាង១ម៉ឺនគ្រួសារផងដែរ៕