ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ឹន ត្រឹង) សមាជិកក្រុមការងារ កណ្ដាលថ្នាក់ជាតិចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារកណ្ដាលថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមការងារថ្នាក់ខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំ ក្រុមការងារ រួមនិងអាជ្ញាធរស្រុក ឃុំ-ភូមិ ជាច្រើនរូបផ្សេងទៀតចុះសួរសុខទុក្ខ បងប្អូនក្រីក្រ ចាស់ជរា និង គ្រួសារមានជំងឺ ដែល កំពុង ជួបការលំបាក ដល់ មូលដ្ឋាន នៅក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដោយបាននាំយក នូវ អំណោយ ជាអង្ករ និង ថវិកាដើម្បីចែកជូនដល់បងប្អូនចំនួន២៥គ្រួសារ។
ហើយអង្ករ និង ថវិកា ដែលយកមកចែកជូននាពេលនេះជាអំណោយរបស់ លោកឧកញ៉ា ហេងសុវណ្ណា ហៅ (ហ៊ឹន ត្រឹង) , លោក វ៉ែន វ៉ាន់ណារារិទ្ធិ , លោក ម៉ាក់ គន្ថារ៉ាន់ , និង លោក វរ:នាវីឯក ថោង បាន ដែល ជា សប្បុរសជន និង ក្រុមការងារចុះជួយក្នុងឃុំនិងភូមិនៅទីនេះ។
លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃនប់ បានថ្លែងគូសបញ្ជាក់ថា៖ដោយសារតែវិបត្តកូវីដ-19 វាបានឆ្លងរាតត្បាតរីករាលដាលនៅពាសពេញពិភពលោក។ ហើយកម្ពុជាក៏មានការឆ្លងនិងចម្លងដែលបាននាំចូលពីក្រៅប្រទេសបានធ្វើឲ្យកម្ពុជាយើងជួបនូវវិបត្តពីកូវីដ-19ផងដែរ។តែបច្ចុប្បន្នវាបានជាសះស្បើយអស់ហើយ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម ចំពោះមុខនៅពេលនេះ គឺបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។
លោកឧកញ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ដោយ មើលឃើញពីបញ្ហាផលប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅទីនេះនិងដោយមានការណែនាំផ្ទាល់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជន ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្ឋាន ខេត្តព្រះសីហនុ , ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារ ដើម្បីចុះសួរសុខទុក្ខពីជីវភាពផ្ទាល់របស់បងប្អូននៅតាមខ្នងផ្ទះ និងបានគិតគូរនាំយកនូវអំណោយជាស្បៀង និង ថវិកា បន្តិចបន្តួចមួយចំនួនដើម្បីជួយរំលែកនិងសម្រាលនូវការលំបាករបស់បងប្អូនបានមួយគ្រា។
ដូចគ្នានេះដែរ លោក វ៉ែន វ៉ាន់ណារារិទ្ធិ , លោក ម៉ាក់ គន្ថារ៉ាន់ , និង លោក ថោង បាន ដែល ជា សប្បុរសជន ក៏បានថ្លែងក្រើនរំលឹកនិងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ភូមិរាម និង ភូមិ ស្មាច់ដែង ឃុំរាម ទាំងអស់ ថា៖ ស្ថិតក្នុងស្ថានភាពពីការរាតត្បាតជាសកល ដោយជម្ងឺកូវីដ-19 នៅមិនទាន់ធូរស្រាលនៅលើពិភពលោក និងពីបណ្តានៃប្រទេសជិតខាងយើងនៅឡើយ។ជាពិសេសនៅកម្ពុជាយើងបើទោះអ្នកជម្ងឺបានជាសះស្បើយអស់ទៅហើយក្តី តែមកទល់ពេលនេះអ្វីដែលបងប្អូនកូនក្មួយយើងត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួននោះ គឺ៖ ការរស់នៅស្អាតប្រកបដោយអនាម័យនិងការធ្វើអនាម័យជាប្រចាំ ក្នុងការលាងសម្អាតដៃនិងសាប៊ូ អាល់កុល និងជែលសម្អាតដៃ មុននិងកាន់អ្វីឬធ្វើអ្វី ដើម្បីការពារនូវសុខភាពអាយុជីវិតផ្ទាល់ខ្លួនយើងម្នាក់ៗនិងដើម្បីបញ្ចៀសឲ្យបានពីការឆ្លងនិងការចម្លង និងការផ្ទុះសាជាថ្មីឡើងវិញនៅក្នុងសហគមន៍យើងនីមួយៗនូវមេរោគកូវីដ-19 នេះឲ្យបានដាច់ខាត។
អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរានិង មានជំងឺ ដែលកំពុងជួបការលំបាកខ្លាំងនៅពេលនេះរួមមាន៖ អង្ករ២៥គក្រ. មុង ១ ជាអំណោយរបស់ ឯកឧត្តម ឧត្តមនាវី ឯក អ៊ុក សីហា និង ថវិកា ៥ ម៉ឺនរៀល ក្នុងនោះ ថវិកា របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ចំនួន ៣ ម៉ឺនរៀល ក្នុងមួយគ្រួសារៗ ផងដែរ ៕ដោយ ៖ មនោរាហ៍